ខេត្តស្វាយរៀង៖កាលពីរសៀលម្សិលមិញមានករណីផ្ទុះឆេះរថយន្ដក្រុងមួយគ្រឿង នៅតាមបណ្ដោយផ្លូវជាតិលេខ១ ទល់មុខនឹងសាកលវិទ្យាល័យស្វាយរៀង ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ។ ប៉ុន្តែមិនបណ្តាលឲ្យអ្នកណាម្នាក់រងគ្រោះនោះទេ ដោយសារតែអ្នកជិះលើរថយន្តក្រុងនោះ បានរត់ចុះទាន់ពេលវេលា ។
យ៉ាងណាក៏ដោយ បន្ទាប់ពីផ្ទុះឆេះរថយន្តខ្ទេចទើបសមត្ថកិច្ចបានធ្វើការឆែកឆេរជនបរទេសដែលជិះលើរថយន្តឆេះនោះ ហើយបានរកឃើញថា ក្នុងចំណោមជនបរទេសដែលជិះលើរថយន្តទាំង១៩នាក់ ហើយមានស្ត្រី៩នាក់ គឺមានតែជនបរទេស៣នាក់ប៉ុណ្ណោះដែលមានលិខិតឆ្លងដែនត្រឹមត្រូវ ។ ចំណែក១៦នាក់ទៀតពុំមានលិខិតស្នាមអ្វីទាំងអស់ ។
មន្ត្រីនគរបាលឲ្យដឹងថា ក្រោយពិនិត្យឃើញថា ជនបរទេសទាំង១៦នាក់ ដែលគ្មានលិខិតឆ្លងដែននិងលិខិតស្នាមផ្លូវច្បាប់ត្រឹមត្រូវនោះ សមត្ថកិច្ចបាននាំពួកគេទៅការិយាល័យអន្តោប្រវេស្តន៍នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីសួរនាំ និងអនុវត្តតាមនិតិវិធី ។
សូមជម្រាបថា ជនបរទេសទាំង១៩នាក់នោះរួមមាន ជនជាតិម៉ាឡេស៊ី២នាក់, ហ្វីលីពីន១នាក់ ( ស្រី ) , វៀតណាម៧នាក់ (ស្រី) ឥណ្ឌូណេសី៩នាក់ (ស្រី១នាក់) ក្នុងនោះមានលិខិតឆ្លងដែនតែ៣នាក់ប៉ុណ្ណោះ ៕