ខេត្តរតនគិរី: ជនភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយវៀតណាម ចំនួន ៤នាក់ កំពុងបន្តលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី ក្រោមការជួយពីប្រជាពលរដ្ឋជនជាតិដើមភាគតិចខ្មែរ រស់នៅតំបន់ជាប់ព្រំដែនប្រទេសវៀតណាម បន្ទាប់ពីប៉ូលិសចាប់ខ្លួនសមាជិកក្នុងក្រុមបាន ៥នាក់កាលពីថ្ងៃអាទិត្យកន្លងទៅ។
អ្នកភូមិសុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា ជនភៀសខ្លួនម៉ុងតាញ៉ា ទាំង ៤នាក់ ត្រូវបានអ្នកភូមិបន្តជួយទំនុកបម្រុងស្បៀងអាហារ និងប្ដូរកន្លែងលាក់ខ្លួនទៅទីផ្សេង ក៏ប៉ុន្តែគាត់បារម្ភថាទីលាក់ខ្លួនថ្មីអាចនឹងត្រូវសមត្ថកិច្ចរក ឃើញទៀត៖ «ផ្លូវមានតែមួយហ្នឹង ហើយពួក ៤នាក់រត់រួច។ នៅនោះពីរនាក់ ១០ម៉ែត្រម្នាក់១០ម៉ែត្រ ធ្វើអ៊ីចឹងបានវារត់រួច ផ្លូវមានតែមួយកន្លែង បើពួកវាព័ទ្ធចាប់បានទាំងអស់ វាអត់ព័ទ្ធផ្លូវមានព្រៃផង បន្លាផង ពួកទាហានទៅ ពួកខាងចុងឃើញអ៊ីចឹងវារត់ទៅមុខ»។
អ្នកភូមិដែលអះអាងថាជាអ្នកជួយលាក់បំពួនជនជាតិម៉ុងតាញ៉ា មួយក្រុមមានគ្នា ៩នាក់កាលពីថ្ងៃទី១ ខែកុម្ភៈ អះអាងថា ម៉ុងតាញ៉ា ៥នាក់ក្នុងចំណោមគ្នីគ្នា ៩នាក់ រួមមានឪពុកម្តាយ និងកូនតូចៗ ៣នាក់ ត្រូវបានសមត្ថកិច្ចខេត្តរតនគិរី ចាប់ខ្លួន ហើយរហូតមកទល់នឹងថ្ងៃទី៣ ខែកុម្ភៈ នេះ មិនមានព័ត៌មានជាក់លាក់ពីជោគវាសនាពួកគេទេ។ ដោយឡែកមន្ត្រីសមត្ថកិច្ចប៉ូលិសខេត្ត បានព្យាយាមមិនបញ្ជាក់ជុំវិញព័ត៌មានការចាប់ខ្លួនម៉ុងតាញ៉ា ៥នាក់នោះទេ។ ក៏ប៉ុន្តែ មន្ត្រីរាជរដ្ឋាភិបាលបដិសេធថា មិនមានការចាប់បញ្ជូនអ្នកសុំសិទ្ធិជ្រកកោននោះទេ។
សេចក្តីរាយការណ៍របស់មន្ត្រីសិទ្ធិមនុស្សខេត្តរតនគិរី ឲ្យដឹងថា នៅសល់ម៉ុងតាញ៉ា ២៧នាក់ទៀត កំពុងលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី ដោយសារភ័យខ្លាចសមត្ថកិច្ចចាប់បញ្ជូនពួកគេទៅឲ្យអាជ្ញាធរវៀតណាម វិញ។ ជនភៀសខ្លួនទាំងនោះ កំពុងត្រូវការជំនួយសង្គ្រោះពីឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន និងសិទ្ធិមនុស្ស៕rfa
ក្រុមម៉ុងតាញ៉ារត់ចេញពីប្រទេស