ខេត្តក្រចេះ៖សមត្ថកិច្ចនគរបាលស្រុកព្រែកប្រសព្វបានចាប់ខ្លួនជនដៃដល់ម្នាក់ជាប្តីដែលប្រើអំពើហិង្សាក្នុងគ្រួសារដោយទាញកាំបិតវែង (កង៉ុក) កាប់ទៅលើប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យដាច់កំភួនដៃស្តាំនិងកំភួនជើងស្តាំរបួសយ៉ាងធ្ងន់ធ្ងរត្រូវអ្នកភូមិជួយដឹកយកទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។ រឿងរ៉ាវដែលកើតឡើងក្នុងគ្រួសារមួយនោះនៅភូមិជ្រោយស្នែងក្របីលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
មន្ត្រីនគរបាលស្រុកព្រែកប្រសព្វបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ម៉េង ពៅ អាយុ៤៥ឆ្នាំ។ ចំណែកស្ត្រីជាប្រពន្ធរងគ្រោះឈ្មោះ ឆាយ ចាន់បូ អាយុ៣៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិជ្រោយស្នែងក្របីលើ ឃុំកំពង់គរ។ មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា ការឈានដល់ប្រើអំពើហិង្សាដោយប្តីទាញកាំបិតកាប់ប្រពន្ធឲ្យរងរបួសធ្ងន់ធ្ងរបែបនេះគឺមូលហេតុមកពីប្តីប្រពន្ធនោះសុទ្ធតែជាអ្នកស្រវឹងស្រាជោកដូចគ្នា ហើយបានទាស់សម្តីគ្នាក៏កើតរឿងបែបនេះតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចបានដកហូតវត្ថុតាងកាំបិតកាង៉ុកប្រវែងជិតមួយម៉ែត្រ និងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តក្រចេះដើម្បីចាត់ការបន្តតាមនីតិវិធី៕