ឥណ្ឌា៖ភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរបានចេញផ្សាយថា ក្មេងៗសិស្សសាលាយ៉ាងហោចណាស់២៤នាក់ដែលអាយុចន្លោះពី៣-១២ឆ្នាំបានស្លាប់ ខណៈច្រើននាក់ទៀតបានរងរបួសបន្ទាប់ពីរថយន្ដក្រុងរបស់ពួកគេ បានបុកគ្នាពេញមួយទំហឹងជាមួយរថយន្ដដឹកទំនិញមួយគ្រឿង នៅឯរដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើង ប្រទេសឥណ្ឌា។
យោងតាមមេបញ្ជាការប៉ូលិសនៃរដ្ឋ Uttar Pradesh លោក Javed Ahmad គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ Aliganji នៃស្រុក Etah ស្ថិតនៅចំងាយប្រហែល ២៣៤គីឡូម៉ែត្រពីទីក្រុង Lucknow ដែលជារដ្ឋធានីនៃរដ្ឋ Uttar Pradesh។ លោក Javed Ahmad បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបណ្ដាលឱ្យសិស្សសាលា ២៥នាក់បាត់បង់ជីវិត ខណៈសិស្សសាលាជាច្រើននាក់ទៀត ដែលបានរងរបួសត្រូវបានប្រជាជន និងក្រុមអ្នកជួយសង្គ្រោះទាញចេញពីរថយន្ដក្រុង និងបញ្ជូនទៅកាន់មន្ទីពេទ្យ។
ពាក់ព័ន្ធករណីនេះផងដែរអាជ្ញាធរឥណ្ឌាបាននិយាយថា នឹងបើកការស៊ើបអង្កេតបន្តទៀត៕