ហ្វីលីពីន៖ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសចិននិងហ្វីលីពីនកំពុងត្រូវបានពង្រឹងនោះ បញ្ហាសមុទ្រចិនខាងត្បូងបានក្លាយទៅជាផ្នែកមួយដ៏តូចក្នុងទំនាក់ទំនងរបស់ពួកគេ និងគួរតែត្រូវបានដោះស្រាយដោយសន្តិវិធីដោយការបន្តសន្ទនានិងពិគ្រោះយោបល់គ្នា។ នេះបើតាមការលើកឡើងកាលពីថ្ងៃព្រហស្បតិ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying ។
លោកស្រីHuaបានលើកឡើងបែបនេះនៅពេលឆ្លើយតបទៅនឹងសំណួរនៅសន្និសីទកាសែតមួយអំឡុងការធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់អនុរដ្ឋមន្ត្រីការបរទេសចិន Liu Zhenmin។
បើយោងតាមលោកស្រី Hua បានឲ្យដឹងថា លោក Liu បានបំពេញទស្សនកិច្ចប្រទេសហ្វីលីពីនពីថ្ងៃអង្គារដល់ថ្ងៃពុធហើយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាដោយស្មោះត្រង់និងស៊ីជម្រៅលើបញ្ហាសមុទ្រចិនខាងត្បូងនិងបានឈានដល់ការមូលមតិគ្នាដ៏ទូលំទូលាយ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាថា បើប្រៀបធៀបទៅនឹងទំនាក់ទំនងរវាងចិននិងហ្វីលីពីនដែលកំពុងពង្រឹងនោះ បញ្ហាសមុទ្រចិនខាងត្បូងគឺគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៃទំនាក់ទំនងរបស់យើងហើយត្រូវដោះស្រាយដោយសន្តិវិធីដោយការបន្តកិច្ចសន្ទនានិងការពិគ្រោះយោបល់គ្នា។
លោកស្រី Hua បាននិយាយទៀតថា ទោះបីជាយ៉ាងណាក៏ដោយ មុននឹងបញ្ហាដែលពាក់ព័ន្ធត្រូវបានដោះស្រាយនោះ ចិននិងហ្វីលីពីនគួរតែគ្រប់គ្រងភាពខុសគ្នានិងលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមសមុទ្រក្នុងគោលបំណងដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងលក្ខណៈដែលមានសន្តិសុខល្អនិងមានស្ថិរភាព។
លោកស្រី Hua បានកត់សម្គាល់ថា ប្រទេសចិននិងហ្វីលីពីនបានព្រមព្រៀងគ្នាដើម្បីធ្វើការរួមគ្នាជាមួយបណ្តាប្រទេសផ្សេងទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីអនុវត្តន៍ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពនៃសេចក្តីប្រកាសស្តីពីការអនុវត្តន៍ (DOC) របស់ភាគីនានានៅក្នុងសមុទ្រចិនខាងត្បូងដើម្បីលើកកម្ពស់យ៉ាងសកម្មលើការពិគ្រោះយោបល់ស្តីពីក្រមប្រតិបត្តិ (COC) ក្នុងសមុទ្រចិនខាងត្បូង។
លោកស្រី Hua បានបញ្ជាក់ថា “លើសពីនេះទៀត ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីលើបញ្ហាសមុទ្រចិនខាងត្បូងហើយបើកការពិភាក្សានិងពិគ្រោះយោបល់លើការចែករំលែកក្តីព្រួយបារម្ភនិងលើកកម្ពស់សុវត្ថិភាពនិងកិច្ចសហប្រតិបត្តិការតាមសមុទ្រ”៕