រាជធានីភ្នំពេញ៖អគ្គិភ័យឆាបឆេះផ្សារកណ្តាល ស្ថិតនៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បានបំផ្លាញតូបលក់ដូរចំនួន១៤តូប ត្រូវបានឆេះបំផ្លាញទាំងស្រុង និង៣តូបទៀតត្រូវភ្លើងឆេះរោល។ ករណីនេះកើតឡើងកាលពីវេលាម៉ោងប្រមាណ៤ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ និងបានរលត់ទាំងស្រុងនៅវេលាម៉ោង៥ និង១៥នាទី ។
នាយការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក ព្រហ្ម យ៉ត បាននិយាយថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ ជាជំហ៊ានដំបូង សង្ស័យមកពីឆ្លងចរន្តអគ្គិសនី តែយ៉ាងណានោះ មន្ត្រីជំនាញនឹងសហការជាមួយ គណ:កម្មការផ្សារកណ្តាល ធ្វើការស្រាវជ្រាវបន្ថែមទៀត។ លោកបន្តថា សម្រាប់ប្រតិបត្តិការ ពន្លត់អគ្គិភ័យនេះវិញ កម្លាំងសមត្ថកិច្ចរបស់លោក បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន១៨គ្រឿង ស្មើនឹង១៨ជើង។
យ៉ាងណាក៏ដោយ សម្រាប់ទំហំការខូចខាត គិតជាទឹកប្រាក់នោះ នៅមិនទាន់ដឹងនៅឡើយទេ ហើយភាគច្រើនតូបដែលត្រូវភ្លើងឆេះនេះ គឺតូបផាត់មុខ និងអ៊ុតសក់៕