ខេត្ដសៀមរាប៖ពលរដ្ឋដែលមានជម្លោះដីធ្លីនៅខេត្ដសៀមរាប ប្រមាណ៦០នាក់កាលពីម្សិលមិញបានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការ ទាមទារឲ្យដោះលែងតំណាងពួកគាត់វិញ ដោយអះអាងថាការចាប់ខ្លួនតំណាងរូបនោះជារឿងអយុត្ដិធម៌។
ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនតំណាងសហគមន៍ដីធ្លីម្នាក់នៅនៅភូមិត្បែងលិច ស្រុកបន្ទាយស្រី ខេត្ដសៀមរាប លោក ចាន់ រិទ្ធ ហើយបានបញ្ជូនខ្លួនមកតុលាការ ដោយចោទពីបទឆបោកទឹកប្រាក់ជិត៣ម៉ឺនដុល្លារពីឈ្មួញទិញដីឈ្មោះ យឹម សារីន ។ ប៉ុន្តែពលរដ្ឋថា ជាអំពើអយុត្តិធម៌ទៅវិញ ។
អ្នកស្រី ម៉ាប់ ផឹប សមាជិកសហគមន៍នៅភូមិត្បែងលិច ស្រុកបន្ទាយស្រី ឲ្យដឹងថា ការឃុំខ្លួនលោក ចាន់ រិទ្ធ អ្នកស្រីថាជារឿងអយុត្ដិធម៌ ព្រោះលោក ចាន់ រិទ្ធ ជាជនរងគ្រោះធ្លាប់ត្រូវជនមិនស្គាល់មុខបាញ់គម្រាមទៅលើគេជាច្រើនគ្រាប់ ប៉ុន្ដែសមត្ថកិច្ចមិនទាន់រកដំណោះស្រាយនៅឡើយ ហើយបែរជាចាប់ខ្លួនតំណាងពួកគាត់ទៅវិញ។ ពួកគាត់ទាមទារឲ្យតុលាការខេត្ដនេះ ទម្លាក់បទចោទនិងផ្ដល់យុត្ដិធម៌ដល់តំណាងសហគមន៍រូបនោះ៕