RFI: ឧប្បត្តិហេតុនេះបញ្ជាក់ពីព្រឹកមិញ ដោយស្ថានទូតរុស្ស៊ីប្រចាំនៅស៊ូដង់ ដែល អះអាងថា គ្រប់តែ វិធានការចាំបាច់ កំពុងចាត់ឡើងដើម្បីរំដោះពលរដ្ឋរុស្ស៊ីទាំងពីរនាក់នោះ ដែលធ្វើការឲ្យក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ខាងផ្តល់សេវាសម្រាប់ បេសកកម្មសន្តិភាពរបស់ អ.ស.ប. នៅស៊ូដង់។ ប្រព័ន្ធផ្សព្វផ្សាយនៅម៉ូស្គូ បានបង្ហើបឲ្យដឹងថា ពួកឧក្រិដ្ឋជនស៊ូដង់ ជាថ្នូរនឹងការដោះលែងគឺទាមទារឲ្យបង់ប្រាក់លោះ ប៉ុន្តែមិនលំអិតអំពីទឹកប្រាក់នោះទេ។
ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី UTair ដែលបានចុះកិច្ចសន្យាជាមួយ បេសកកម្ម របស់សហភាពអាហ្វ្រិកនិងអ.ស.ប. ខាងទ្រទ្រង់សន្តិភាពនៅខេត្ត Darfour ប្រទេសស៊ូដង់ ហៅកាត់ថា MINUAD បានបញ្ជាក់ថា អ្នកបើកយន្តហោះខ្លួន២នាក់ ត្រូវបានចាប់ពង្រត់មែន។
ឧប្បត្តិហេតុនេះ បានកើតឡើងថ្ងៃ២៩មករា នៅទីប្រជុំជនមួយនៃខេត្ត Darfour ពេលដែល ឡានមីនីវេនរបស់បេសកកម្ម MINUAD ត្រូវបានខ្ទប់ផ្លូវដោយរថយន្ត៦គ្រឿង។ ពួកជនប្រដាប់ អាវុធនៃរថយន្តទាំងនោះ បានកំញើញបាញ់ទៅលើអ្នកដំណើរក្នុងឡានមីនីវេន ទាំងបង្ខំគេឲ្យចាកចេញពីឡាននោះ ហើយដឹកគេយកទៅបាត់ទៅ។
តាមដែលកាណាល់ទូរទស្សន៍រដ្ឋរុស្ស៊ី Russia-24 ផ្សាយព្រឹកមិញ ពួកឧក្រិដ្ឋជន បានរុញច្រាន ចេញមកនូវល័ក្ខខ័ណ្ឌ សម្រាប់ដោះលែងពីឡូតរុស្ស៊ី២នាក់នោះ ទៅកាន់តំណាង របស់ បេសកកម្ម MINUAD ទៅហើយ គឺទាមទារឲ្យបង់ប្រាក់លោះ ប៉ុន្តែមិនលំអិតអំពីទឹកប្រាក់ទេ។
រដ្ឋាភិបាលស៊ូដង់ពីចំណែកខ្លួន បានព្រមាន MINUAD កុំឲ្យបង់ប្រាក់លោះអី ដើម្បីកុំឲ្យ ពួក ដែលមានរបរ ខាងចាប់ពង្រត់មនុស្សជាថ្នូរទារលុយ វាញ៉ាមឡើយ។
បេសកកម្ម MINUAD ដំណើរការតាំងពីឆ្នាំ២០០៧មក ដើម្បីការពារបណ្តាជនស៊ីវិល និងធានាសុវត្ថិភាពដល់ជំនួយមនុស្សធម៌សម្រាប់ផ្តល់ដល់ខេត្ត Darfour ។ តំបន់នេះដែលស្ថិត នៅប៉ែកខាងលិចប្រទេសស៊ូដង់ល្បីខាងបោកបក់ដោយអំពើហិង្សា ដែលបានផ្តាច់ជីវិតមនុស្សអស់ជាង ៣សែននាកនិងបង្កឲ្យមានជនបន្លាស់ទី២លាននាក់ទៅហើយ គិតតាំងពីដើមឆ្នាំ២០០៣ មកពេលដែលពួកបះបោរកុលសម្ព័ន្ធប្លែកៗ មិនមែនជាពូជអារ៉ាប បានងើបឡើងប្រឆាំងនឹងអំណាចមជ្ឈិមនៅរដ្ឋធានី Khartoum។
ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Utair និង Utair-Cargo ដែលមានឧទ្ធម្ភាគចក្រដឹកជញ្ជូនធុន Mi-8 ចំនួន៨គ្រឿងតាំងពីឆ្នាំ២០១៣មកបំពេញសម្រាប់MINUAD នូវសេវា បែបយ៉ាង ដឹកបុគ្គលិនិងសម្ភារៈរបស់បេសកកម្មនេះ៕ RFI
កងទ័ពស៊ូដង់ការពារសន្តិសុខនៅភូមិ TabitAFP PHOTO/ASHRAF SHAZLY