វ៉ាស៊ីនតោន៖លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីថ្មីរបស់អាមេរិកបានចុះហត្ថាលេខាដកខ្លួន ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក TPP ជាផ្លូវការតាមអ្វីដែលលោកបានសន្យាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧នេះ។
ក្រុមការងាររបស់លោកត្រាំបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកថ្មីរូបនេះ អាចនឹងធ្វើកិច្ចចចារជាលក្ខណៈបុគ្គលជាមួយនឹងភាគីនៃកិច្ចព្រមព្រៀង TPP ដែលនេះមានន័យថា រដ្ឋបាលអាមេរិកអាចនឹង ស្វែងរកការព្រមព្រៀងថ្មីជាមួយនឹងបណ្ដាប្រទេសដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង TPP ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP នេះមានសមាជិកចូលរួម១២ប្រទេសដូចជា អូស្ត្រាលី ព្រុយណេ កាណាដា ឈីលី សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ិកកូ នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះ អាចនឹងត្រូវបានលុបចោល បើសិនជាទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តដកខ្លួន៕