ក្រចេះ៖តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងការអភិវឌ្ឍរីកចំរើនផ្នែកសក្ដានុពលវិស័យទេសចរណ៍ក្នុងខេត្ត អាជ្ញាធរខេត្តក្រចេះ រំពឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអត្តរជាតិ ចូលមកសម្រាកលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុនៗ ។ នេះបើតាមការលើកឡើងរបស់លោក ខណ្ឌ ចំណាន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រចាំការគណៈកម្មការអភិរក្សនឹងអភិវឌ្ឍន៍តំបន់ទេសចរសត្វផ្សោតទន្លេមេគង្គក្រចេះ ។
លោក បានបន្តឲ្យដឹងថា សក្ដានុពលទេសចរណ៍ខេត្តក្រចេះ គឺមានតំបន់ទេសចរអន្លង់សត្វផ្សោត និងទឹកជួរកាំពី ក្នុងនោះតំបន់អន្លង់សត្វផ្សោត មានដល់ទៅ ៩កន្លែង ហើយអន្លង់ផ្សោតធំជាងគេនឹងមានផ្សោតរស់នៅច្រើនជាងគេ គឺអន្លងផ្សោតកាំពី ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាគ្រប់រដូវ ជាពិសេសអន្តរជាតិ ។
លោក បានបញ្ជាក់ថា ភ្ញៀវដែលមកទស្សនាសត្វផ្សោត អាចទស្សនាបានដោយរីករាយ ដោយជិៈទូកលេងនៅលើផ្ទៃទឹកទន្លេមេគង្គ ផ្ដិតរូបសត្វផ្សោត និងគយគន់ទេសភាពស្រស់ស្អាតប្លែកភ្នែក ។
លោក ឈ្នាង លន់ តំណាងសហគមន៍ទូកទេសចរណ៍ បានឲ្យដឹងថា តម្លៃដឹកជូនភ្ញៀវទស្សនាសត្វផ្សោត គឺនៅថេរ មិនថាថ្ងៃបុណ្យ ឬថ្ងៃធម្មតាឡើយ បើភ្ញៀវជាតិចាប់ពី៥នាក់ឡើង ៤ម៉ឺនក្នុងមួយម៉ោង ហើយបើភ្ញៀវអន្តរជាតិវិញ បើពីរនាក់ ម្នាក់ ៩ដុល្លាក្នុង១ម៉ោង បើចាប់ពី ៥នាក់ឡើង ម្នាក់ ៧ដុល្លាក្នុង ១ម៉ោង ។
អ្នកស្រី ឈាង ណាលីន ជាអ្នកលក់វត្ថុអនុស្សាវរីយ៍ បានឲ្យដឹងដែរថា បច្ចុប្បន្នការលក់ដូរវត្ថុអនុស្សាវរីយ៍ដាច់ជាងពីមុន ដោយភ្ញៀវជាតិងាកមកមានការចាប់អារម្មណ៍ច្រើន ថែមទាំងមានភ្ញៀងនៅតាមបណ្ដារខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា កម្មង់ឲ្យធ្វើជាច្រើនថែមទៀតផង ចំពោះតម្លៃវិញនោះ លក់ក្នុងតម្លៃសមរម្យជូនទាំងភ្ញៀវជាតិ និងអន្តរជាតិ ។ ដោយឡែកសម្រាបផ្នែកសេវាកម្មម្ហូបអាហារនៅរម្មណីយដ្ឋានទឹកជួរកាំពីឯណោះវិញ ក៏មិនមានការប្រែប្រួលអំពីតម្លៃផងដែរ គឺលក់ក្នុងតម្លៃធម្មតាដូចគ្នា ។
ជាងនោះទៅទៀត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានភាពសប្បាយរីករាយទាំងផ្លូវកាយ ចិត្ត និងអារម្មណ៍ ជាមួយនឹងការសម្រាកលំហែរកាយលើផ្ទះទឹក ស្ដាប់សូរសម្លេងទឹកហូរ ចុះងួតទឹកដ៏ត្រជាក់ ញ៉ាំអាហារឆ្ងាញ់ពិសារ មានតម្លៃសមរម្យ ជាលក្ខណៈជួបជុំញាតិមិត្ត ក្រុមគ្រួសារ បងប្អូន មិត្តភក្ដិ ។
លោក អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា គណៈកម្មការអភិរក្សនឹងអភិវឌ្ឍន៍តំបន់ទេសចរ ក៏បានចុះអប់រំផ្សព្វផ្សាយផងដែរ អំពី សុវត្ថិភាពភ្ញៀវទេសចរ អនាម័យ តម្លៃសេវាកម្មផ្សេងៗ អោយលក់ក្នុងតម្លៃសមរម្យជូនភ្ញៀវទេសចរ ។
ទាក់ទិននឹងកំណើនភ្ញៀវទេសចរ ដែលមកលេងកំសាន្តនៅទឹកជួរកាំពី ក៏ដូចជាអន្លង់ផ្សោតកាំពី លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា បញ្ហាការបំពង់សំឡេងលឺខ្លាំង បញ្ហាកង្វះអនាម័យ ការបោះចោរកាកសំណល់ផ្សេងៗ ដូចជា វត្ថុរឹង រាវ ផ្លាស្ទីច និងក្រដាស់វេចខ្ចប់ជាដើម គឺជាហេតុដែលបង្ករឲ្យមានផលប៉ះពាល់ការរំខានដល់បញ្ហាសុខភាព សុវត្ថិភាព និងការរស់នៅរបស់សត្វផ្សោតនៅក្នុងអន្លង់កាំពីផងដែរ៕