ប៉េកាំង៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ចិនចង់ជជែកជាមួយរដ្ឋបាលថ្មីរបស់អាមេរិក និងមានឆន្ទៈបង្កើនទំនុកចិត្តនឹងគ្នា ផ្ដោតលើកិច្ចសហប្រតិបត្តិការ គ្រប់គ្រងជម្លោះ និងជំរុញទំនាក់ទំនងប្រកបដោយសុខមាលភាពរវាងចិន និងអាមេរិក ដើម្បីផ្ដល់ប្រយោជន៍ដល់ពលរដ្ឋទាំងពីរប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងក្នុងពិធីទទួលស្វាគមន៍ឆ្នាំថ្មីសម្រាប់ជនជាតិចិនលោករដ្ឋមន្ត្រីការបរទេស លើកឡើងថា ទិសដៅអនាគតនៃទំនាក់ទំនងចិន-អាមេរិក បានទាក់ទាញ់ចំណាប់អារម្មណ៍។ លោករដ្ឋមន្ត្រីបានបន្តថា ប្រទេសចិនចង់ជជែកជាមួយរដ្ឋបាលថ្មីរបស់អាមេរិក ដើម្បីគ្រប់គ្រងជម្លោះ និងជំរុញទំនាក់ទំនងទ្វេភាគី ប៉ុន្តែត្រូវឈរលើមូលដ្ឋានគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដូចជា គោលការណ៍ “ចិនតែមួយ”។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបតែឡើងកាន់តំណែងកាលពីថ្ងៃសុក្រសប្ដាហ៍មុននោះ បានធ្វើឲ្យក្រុងប៉េកាំងអាក់អន់ស្រពន់ចិត្ត នៅមុនការឡើងកាន់តំណែងជាផ្លូវការ ដោយបានបង្ហាញមន្ទិលសង្ស័យចំពោះការប្រកាន់យកគោលការណ៍ “ចិនតែមួយ” ពីសំណាក់ក្រុងវ៉ាស៊ីងតោន ចំពោះដែនដីកោះតៃវ៉ាន់៕