រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះកំពូលសម្រេចបន្តឃុំខ្លួនលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ក្នុងពន្ធនាគារដដែលដោយទុកលទ្ធភាពឲ្យសាលាដំបូងរាជធានីភ្នំពេញបន្តនីតិវិធី។ ការម្រេចនេះធ្វើឡើងដោយលោកស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការ ។
លោកស្រី ទេព វន្នី ត្រូវបានតុលាការចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣។ ទន្ទឹមនេះលោកស្រី ទេព វន្នី នៅមានពីរករណីផ្សេងទៀតនៅស្ថាប័នតុលាការ ដូចជាករណីទី១ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីទីពីរ បទល្មើសប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ជាដើម។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ លោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកែប្រែបទចោទប្រកាន់លើស្ត្រីបឹងកក់ពីរនាក់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាចលនាបដិវត្តន៍ពណ៌ មកជាបទ «ប្រមាថ» វិញ។ តុលាការសម្រេចផ្ដន្ទាទោសស្ត្រីបឹងកក់ទាំងពីរនាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ថ្ងៃ និងពិន័យជាប្រាក់៨ម៉ឺនរៀល ពីបទ «ប្រមាថ» តាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ។ ក្រោយការសម្រេចនេះ អ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីយប់ថ្ងៃទី២២ ខែសីហា៕