កូរ៉េខាងត្បូង៖គំនូរអាក្រាតកាយរបស់ប្រធានាធិបតីរងការចោទប្រកាន់របស់កូរ៉េខាងត្បូងលោកស្រី Park Geun- Hye បានបង្កឲ្យមានអំពើហិង្សានៅ សភារបស់ប្រទេសនេះ។ រូបភាពនេះគឺជាផ្នែក នៃ ការតាំងពិព័រណ៍មួយនៅឯសភាជាតិដែលក្នុងនោះរួមមានវត្ថុសិល្បៈរបស់វិចិត្រករចំនួន២២នាក់ដែលចំអកដល់លោកស្រី Park និងមិត្តភក្តិជិតស្និទ្ធិរបស់លោកស្រីគឺ Choi Soon-Sil ដែល ជា ចំណុចកណ្តាលនៃរឿងអាស្រូវពុករលួយដែលនាំឲ្យមានការចោទប្រកាន់លោកស្រី Park ។
នៅក្នុងរូបភាពដើមកាលពីសតវត្សរ៍ទី១៩ដែលមានឈ្មោះថា Olympia របស់វិចិត្រករ Edouard Manet ដែលតាំងបង្ហាញនៅ Musee d’Orsay ក្នុងទីក្រុងប៉ារីស ស្ត្រីស្បែកសអាក្រាតកាយម្នាក់ដែលគេកំណត់ថាជាស្រីខូចគឺបានដេកគ្មានសម្លៀកបំពាក់ខណៈអ្នកបម្រើស្បែកខ្មៅម្នាក់បានយកផ្កាឲ្យនាង។ រូបថតរបស់លោកស្រី Park គឺមានកូនឆ្កែពីរក្បាលលោតលើភ្លៅរបស់នាង។
ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ក្រុមអ្នកគាំទ្ររបស់លោកស្រី Park ប្រមាណ២០នាក់បានឆេវឆាវនៅក្នុងការតាំងពិព័រណ៍នោះដោយហែករូបភាពនេះ។ ទីភ្នាក់ងារដដែលបានឲ្យដឹងថា សមាជិកក្រុមស្តាំនិយមមួយរូបដែលមានវ័យ៦៣ឆ្នាំត្រូវបានចាប់ខ្លួននិងម្នាក់ទៀតកំពុងត្រូវបានស្វែងរកដោយប៉ូលិស។
លោក Pyo Chang-won តំណាងរាស្ត្រគណបក្សប្រឆាំងដែលបានរៀបចំការតាំងពិព័រណ៍នេះបាននិយាយការពារចំពោះរូបគំនូរនេះដែលបង្កឲ្យមានការចោទប្រកាន់រើសអើងភេទនិងរសជាតិអាក្រក់។ លោកបាននិយាយថា “វាពិតជាមិនសមប៉ុន្តែខ្ញុំជឿថាវាគឺស្ថិតក្នុងព្រំដែននៃសេរីភាពនៃសិល្បៈ”។
លោក Lee Koo-Young ដែលជាអ្នកគូររូបនេះគឺជាវិចិត្រករម្នាក់ក្នុងចំណោមវិចិត្រករជិត១០,០០០នាក់ដែលស្ថិតលើ “បញ្ជីខ្មៅ” របស់រដ្ឋាភិបាលអភិរក្សនិយមសម្រាប់ការរិះគន់លោកស្រី Park។ អ្នកដែលមានឈ្មោះទាំងនោះត្រូវបានគេនិយាយថាបានដកហូតពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាលនិងការវិនិយោគឯកជនព្រមទាំងត្រូវបានដាក់នៅក្រោមការឃ្លាំមើលរបស់រដ្ឋផងដែរ៕