ខេត្តត្បូងឃ្មុំ៖ប្រជាពលរដ្ឋប្រមាណ២០០នាក់មកពីចំនួន៦ភូមិ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្រមូលគ្នាមកជួបជុំ នៅវាលចំការ ភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ដើម្បីធ្វើការតវ៉ា ទាមទារយកដីចំការ ដែលពួកគាត់អះអាងថា បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ (ជាដីព្រៃនៅឡើយ) ហើយត្រូវក្រុមហ៊ុនមួយរំលោភយកធ្វើការដាំដើមកៅស៊ូ ។
ការតវ៉ានេះធ្វើឡើងចាប់តាំងពីថ្ងៃទី២០ មករា ២០១៧ រហូតមកដល់ថ្ងៃទី២៥ មករា ២០១៧ នៅមិនទាន់មានចំណាត់ការ ដោះស្រាយច្បាស់លាស់នៅឡើយ ។
ចាប់តាំងពីមានការជួបជុំតវ៉ានេះមក គេឃើញកងកំលាំងប្រដាប់អាវុធ នគរបាល កងរាជអាវុធហត្ថ ប្រមាណ៤០នាក់ មកកន្លែងកើតហេតុ ក្នុងនោះ លោក សួស សេងលី អធិការនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា សមត្ថកិច្ច កងកំលាំងប្រដាប់អាវុធ មកទីនេះ គឺដើម្បីរក្សា ការពារ សន្តិសុខជូនប្រជាពលរដ្ឋ និងភាគីខាងក្រុមហ៊ុន ដោយសមត្ថកិច្ចខ្លាចមានអំពើហិង្សាកើតឡើងតែប៉ុណ្ណោះ ពុំមានមករារាំង ការតវ៉ានេះទេ ដោយទុកឲ្យប្រជាពលរដ្ឋ និងភាគីក្រុមហ៊ុន ធ្វើការសំរុះសំរួល រកដំណោះស្រាយដោយសន្តិវិធី ។
ប្រជាពលរដ្ឋដែលមកធ្វើការតវ៉ា បានបំភ្លឺដោយសុំមិនបញ្ចេញឈ្មោះថា ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ដីកើតហេតុនេះ សុទ្ធសឹងតែដីព្រៃទាំងអស់ ហើយពួកគាត់បាននាំគ្នាដាំដំណាំ ដោះស្រាយជីវភាពរៀងៗខ្លួន ។
រហូតដល់ឆ្នាំ១៩៩០ មានលោកឧញ៉ាម្នាក់ និងសហការីរបស់គាត់ បានមកធ្វើការពន្យល់ ប្រជាពលរដ្ឋឲ្យពួកគាត់ផ្តិតមរដៃ សុំធ្វើប្លង់កាន់កាប់ដីរៀងៗខ្លួន តាមទំហុំដែលកាន់កាប់កន្លងមក ។
ក្រោយមកស្រាប់តែក្រុមហ៊ុននោះ បានយកគ្រឿងចក្រមកឈូសឆាយដី ហើយដាំកូនកៅស៊ូ ដោយសំអាងថា ប្រជាពលរដ្ឋបានស្មក្រ័ចិត្តប្រគល់ដីនោះជូនរដ្ឋអស់ហើយ ពេលនោះរដ្ឋត្រូវដាំកៅស៊ូ ។
ដោយយល់ឃើញថា រដ្ឋធ្វើការដកយកដីដាំកៅស៊ូ ពួកគាត់ក៍ឈប់តវ៉ាហើយស្ងៀម រហូតដល់វថ្ងៃទី២០ មករា ២០១៧ ស្រាប់តែឃើញគ្រឿងចក្រមកឈូសឆាយ គាស់រំលើងដើមកៅស៊ូចាស់ៗចោល និងដាំដើមស្វាយចន្ទីជំនួសវិញ ។
ការដែលក្រុមហ៊ុនកាប់ដើមកៅស៊ូ ដាំស្វាយចន្ទី បែបនេះ ប្រជាពលរដ្ឋទាំង៦ភូមិខាងលើ ដែលជាអ្នកកាប់ឆ្កាព្រៃ ដីកន្លែងនេះ យល់ឃើញថា ការដាំស្វាយចន្ទី ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ ហេតុនេះពួកគាត់មកតវ៉ាសុំយកដីរបស់ពួកគាត់ ដើម្បីបង្កបង្កើនផល ចិញ្ចឹមជីវិតតទៅទៀត ។
លោក សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ មករា ២០១៧ នេះតំណាងក្រុមហ៊ុន បានមកជួបប្រជាពលរដ្ឋ នៅដីមានទំនាស់ ដើម្បីធ្វើការបំភ្លឺ និងរកដំណោះស្រាយ តែពុំទាន់ទទួលលទ្ធផលនោះទេ៕