បាងកក៖រដ្ឋាភិបាលយោធាថៃបានអនុម័តទឹកប្រាក់៣៨០លានដុល្លារដើម្បីទិញគ្រឿងសម្ភារៈយោធាពីប្រទេសចិនបន្ទាប់ពីផ្អាកសំណើទិញកាលពីឆ្នាំមុន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
មន្ត្រីជាន់ខ្ពស់យោធាថៃបាននិយាយថា សម្ភារៈដែលយោធាថៃនឹងទិញមានរថក្រោះ១០គ្រឿង ព្រមទាំងរថយន្តយោធា បន្ថែមទៅលើរថក្រោះចម្បាំងចំនួន ២៨គ្រឿង ដែលបានបញ្ជាទិញពីប្រទេសចិនកាលពីឆ្នាំមុន។ ទន្ទឹមនេះក៏មានការបញ្ជាទិញនាវាមុជទឹកពីប្រទេសចិនផងដែរបន្ទាប់ពីមានការផ្អាកកាលពីឆ្នាំមុននៅពេលប្រឈមមុខនឹងការរិះគន់ពីសំណាក់មហាជន។ មន្ត្រីកងទ័ពជើងទឹកថៃបានបញ្ជាក់ថា ការចរចាជាមួយរដ្ឋាភិបាលចិន ជិតឈានដល់ចំណុចបញ្ចប់ហើយ ហើយកញ្ចប់ថវិកាត្រូវបានអនុញ្ញាតសម្រាប់ការទូទាត់រយៈពេលជាង ៦ឆ្នាំ
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងថៃ ដែលជាសម្ព័ន្ធចាស់វស្សារបស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ជាពិសេសក្រោយពីទំនាក់ទំនងរវាងថៃ និងអាមេរិក ប្រទះភាពរំកាំរកូស ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤កន្លងមក៕