ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖សិស្សកុមារថ្នាក់មត្តេយ្យសិក្សាចំនួន១០៣នាក់ក្នុងសង្កាត់អូរចារ កណ្តាលក្រុងបាត់ដំបងរៀនក្រោមដើមឆត្រ័រួតជាច្រើនជំនាន់ជិត២០ឆ្នាំ ខណះសិស្សបឋមសិក្សាមានថ្នាក់រៀនសមរម្យ។
អ្នកស្រី គៀន យិន ជាគ្រូបន្ទុកបង្រៀនសិស្សមត្តេយ្យសាលាបានអោយដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះថា សិស្សកុមារដែលរៀននៅក្រោមដើមឆត្រ័រួតមានចំនួន៣ថ្នាក់ ៣កំរិត ក្នុងនោះមានកំរិតទាប កំរិតមធ្យមនិងកំរិតខ្ពស់សរុបទាំងអស់ចំនួន១០៣នាក់រួមទាំងអ្នកគ្រូចំនួន៤នាក់ផង ។
បន្ទាប់ពីសាលាមត្តេយ្យហ៊ុន សែនអូរចារមានសភាពចាស់ទ្រុឌទ្រោមហើយលេចទឹកនិងមានភក់ទៀតនោះ នៅឆ្នាំ២០០០អ្នកគ្រូទាំងអស់បានសម្រេចចិត្តមកស្នើរសុំទីតាំងសាលាបឋមសិក្សាហ៊ុន សែនអូរចារដើម្បីបង្រៀនសិស្សវិញ ទោះជាគ្មានបន្ទប់ រៀននៅក្រោមដើមឈើក៍ដោយ។
អ្នកគ្រូសួ ផារី បានអោយដឹងដែរថា រយះពេល១៧ឆ្នាំមកនេះពួកគាត់តស៊ូបង្រៀនសិស្សប្រឈមនិងបញ្ហាលំបាកជាច្រើនព្រោះតែអាណិតក្មេងនិងឪពុកម្តាយសិស្ស។
ចំពោះការបង្រៀនពេលថ្ងៃក្តៅត្រូវនាំសិស្សរត់ទៅជ្រកនៅតាមសំយាបមុខថ្នាក់គេឬចូលរៀននៅក្នុងឃ្លាំងដាក់សម្ភារៈសាលាពិសេសនៅរដូវវស្សាពេលមេឃភ្លៀងត្រូវរត់រកកន្លែងជ្រកភ្លៀងហើយបញ្ចូលថ្នាក់គ្នាតែ១ឬត្រូវរំសាយលេងបានបង្រៀនបន្ដរទៅទៀត។ អ្នកគ្រូបានស្នើរទៅកាន់មន្ទីរអប់រំច្រើនលើក ច្រើនសារដែរតែមិនទទូលបានលទ្ធផល។
ចំណែកលោកយី សុគី អនុប្រធានមន្ទីរអប់រំខេត្តបាត់ដំបងបានបញ្ជាក់ថា ខាងមន្ទីរបានបញ្ជូនសំណើរជុំវិញបញ្ហាខាងលើនេះជាយូរមកហើយទៅដល់ក្រសួង ក្រោយមកក្រសួងក៍បានដាក់គម្រោងសាងសង់អតីតសាលាមត្តេយ្យហ៊ុន សែនអូរចារនេះម្តងរួចមកហើយដែរប៉ុន្តែផ្ទៃដីសាងសង់មិនមានគ្រប់គ្រាន់ក៍បង្វែរគម្រោងដែលមាននេះទៅសាងសង់សាលាផ្សេង។
ទោះជាយ៉ាងក៍ដោយបច្ចុប្បន្ននេះក្រសួងអប់រំក៍កំពុងរកទីតាំងក្នុងមូលដ្ឋានភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបងនេះដើម្បីបានសាងសង់សាលាមត្តេយ្យអោយសិស្សបានសិក្សារៀនសូត្រសមរម្យដូចក្មេងដ៍ទៃទៀតដែរ៕