រាជធានីភ្នំពេញ៖សម្តេចក្រឡាហោមស ខេង ប្រធានគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹងទន្លេសាប និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចកោះអញ្ជើញអភិបាលខេត្តទាំងពីរ គឺខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ មកភ្នំពេញ ដើម្បីជួបប្រជុំរកដំណោះស្រាយនៅថ្ងៃទី២៨ មករា ទាក់ទងបទល្មើសនេសាទដ៏ធ្ងន់ធ្ងរ ដែលកំពង់កើតមាននៅក្នុងភូមិសាស្ត្រខេត្តទាំងពីរនេះ។ ចំណែកខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ វិញអញ្ជើញត្រឹមអភិបាលរងខេត្តមកចូលរួម។
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៥ មករា បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រជាលើកដំបូងត្រួតពិនិត្យបទល្មើសនេសាទនៅលើបឹងទន្លេសាប អមដំណើរដោយលោកឧត្តមសេនីយ៍នេត សាវឿន ,លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីមួយចំនួនទៀត ។ ដំណើរត្រួតពិនិត្យនោះធ្វើឡើងបន្ទាប់ពីការបង្កើតគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹងទន្លេសាប នៅចុងឆ្នាំ២០១៦។
ការត្រួតពិនិត្យរកឃើញថា នៅខេត្តកំពង់ធំ និងកំពង់ឆ្នាំងបទល្មើសនេសាទកើតមានច្រើន ខណៈនៅបាត់ដំបង សៀមរាប ពោធិ៍សាត់មិនសូវកើតមានទេ ។ ប៉ុន្តែនៅថ្ងៃទី២៤ មករា សមត្ថកិច្ចចម្រុះរបស់ក្រសួងបានបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលប្រើប្រាស់ឧបករណ៍អួនក្រឡាញឹកប្រើប្រាស់ម៉ាស៊ីនអូសទាញ និងឧបករណ៍យ៉ាំងកាវជាច្រើនវង់ និងចាប់ឃាត់ខ្លួនមនុស្ស៤១នាក់៕