បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​១​កន្លែង​ដកហូត​មាន់​១​ក្បាល និង​ម៉ូតូ​១៣​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ទីតាំង​សង្វៀន​ជល់​មាន់​លួចលាក់​១​កន្លែង​ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ដំបង​១​ចុះបង្ក្រាប ខណៈ​កំពុង​លួច​ជល់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ដកហូត​បាន​មាន់​១​ក្បាល និង​ម៉ូតូ​ចំនួន​១៣​គ្រឿង​។​
លោក ស៊ុន សុវណ្ណ អធិការនគរបាល​ស្រុក​សង្កែ​បាន​និយាយ​អោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​ប្រជល់មាន់​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​២២ ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
លោក​បន្តទៀតថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​នេះដែរ​ដោយមាន​ការដឹង​ខ្លួន​ជាមុន​អ្នកលេង​ជល់​មាន់​ទាំងអស់​នោះបាន​រត់គេច​ខ្លួន​បាត់អស់​ដោយ​បន្សល់ទុក​វត្ថុតាង​រួមមាន​៖ មាន់​ជល់​ចំនួន​១​ក្បាល សង្វៀន​ជល់​មាន់​ចំនួន​១​វង់ ស៊ុម​សំរាប់​ក្រុងមាន់​ចំនួន​៣​ស៊ុម និង​ម៉ូតូ​ចំនួន​១៣​គ្រឿង​។​
បច្ចុប្បន្ន​វត្ថុតាង​មធ្យោបាយ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​នាំយក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​៕

16443005_1826307924274436_1209949621_o16409183_1826307954274433_412864033_o16444189_1826307900941105_1804164578_o