រាជធានីភ្នំពេញ៖ក្រុមចោរបានធ្វើសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះជាគូសង្សារវ័យក្មេងមួយគូ ខណៈ នាំគ្នាទៅសាសងភាសាស្នេហ៍យ៉ាងផ្អែមល្អែមនៅកន្លែងងងឹត ហើយស្ងាត់ ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចដីវាលខាងលិចរបងរោងចក្រកាណាឌីយ៉ា ក្រោយរោងទឹកត្នោតជូរ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ឈឿន ឈីន អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅភូមិពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ និងនារីជាគូស្នេហ៍មានឈ្មោះ ធួរ លែន អាយុ១៨ឆ្នាំ មុខរបរកម្មររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅជាមួយគ្នា។
ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1I-3080 ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា៣នាក់ ប្រដាប់ដោយដាវ១ដើម បានរត់គេចខ្លួនក្រោយពេលធ្វើសកម្មភាពប្លន់យកម៉ូតូបានសម្រេច៕