លោក​ខៀវ កាញារីទ្ធ នាំយក​អំណោយ និង​ថវិកា​ជូន​ដល់ លោកតា ផ្លុ​ង មឿ​ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2015 ក+ ក-

​ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​នាំយក​អំណោយ​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ជូន​ដល់​លោកតា ផ្លុ​ង មឿ​ក អតីត​សិល្បករ​ត​ន្រី្ត​បូរាណ​នៃ​វិទ្យុជាតិ​កម្ពុជា ដែលមាន ជន្មាយុ ៨២​ឆ្នាំ ស្នាក់​នៅក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៥ ។​

​លោកតា ផ្លុ​ង មឿ​ក បាន​ថ្លែងថា ខ្ញុំ​មានការ​ភ្លេចភ្លាំង​ខ្លះៗ​ហើយ ហើយ​លោក​រដ្ឋមន្ត្រី​នៅតែ មាន​ក្តី​អាណិតអាសូរ និង​យកចិត្តទុកដាក់​ដល់ អ្នកសិល្បៈ ហើយ​ខ្ញុំ​ក៏​អស់ចិត្ត​ដែរ មុននឹង​ខ្ញុំ​ស្លាប់ទៅ ដោយបាន​ជួយ​សម្តេច និង​បាន​ជួប ជាមួយ​លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា លោកតា ផ្លុ​ង មឿ​ក ធ្លាប់​កំសត់​កំរ ជាមួយគ្នា​រហូតមក ហើយ​លោក​បាន​ផ្តាំផ្ញើ​ដល់​លោកតា ផ្លុ​ង មឿ​ក អោយ​ខំ​ថែរក្សា​សុខភាព ហូបចុក​អោយបាន​ច្រើន​។ នៅ​ដើមខែ​មីនា​ខាងមុខ នេះ ក្រសួង​ព័ត៌មាន​នឹង​រៀបចំ កម្មវិធី​មួយ ដើម្បី​ជួបជុំ​អ្នក​ដែល​ចូលនិវត្តន៍​។​

គួរ​បញ្ជាក់ថា លោកតា ផ្លុ​ង មឿ​ក កើត​នៅ​ភូមិ​កោះ​ស្នា ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ការសិក្សា​របស់លោក គឺ​លោក​រៀន​ផ្នែក​ព្រះពុទ្ធសាសនា​។ នៅ​អាយុ​១២​ឆ្នាំ ជីដូន​របស់លោក បាន​បញ្ជូន​លោក​ទៅ​រៀន​ក្បួនច្បាប់ ធម៌​វិន័យ នៅក្នុង “​វត្ត​ស្រះស្រង់​” ស្ថិតក្នុង​ឃុំ​កំបូល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដើម្បី​បូស​ជា​ព្រះសង្ឃ​។

លោក​បាន​ធ្វើជា​កូនសិស្ស​ព្រះសង្ឃ ប្រតិបត្តិ ក្បួនច្បាប់ ធម៌​វិន័យ បាន​ប្រហែល​២​ឆ្នាំ ទើបបាន​បូស ជា​សាមណេរ នៅក្នុង​វត្ត ស្រះស្រង់ នេះ​តែម្ដង ដោយ​បួស​បាន​ចំនួន​៥ ព្រះវស្សា ក៏បាន​សឹក​វិញ​។ កាល​លោកតា​នៅ​ជា​ព្រះសង្ឃ​លោក​រៀន​ចេះ ធម៌អាថ៌ ច្រើន​គួរសម ជាពិសេស ការ​ស្មូត ដែល​កាលនោះ​មាន​ពុទ្ធបរិស័ទ និមន្ត​លោក ទៅ​ស្មូត​ច្រើនណាស់​។ លោកតា​បានចាប់ផ្តើម រៀន​សិល្បៈ នៅ​វ័យ​២០​ឆ្នាំ រហូត មកទល់នឹង​ពេលនេះ លោកតា មាន​សមត្ថភាព​សម្តែង​សិល្បៈ​ច្រើនណាស់ ដូចជា ចម្រៀង​អា​យ៉ៃ ចម្រៀង​ប្រពៃណី ចម្រៀង​សម័យ កំប្លែង ល្ខោនបាសាក់ ល្ខោន​យីកេ ឡកឆៃយ៉ាំ វាយ​ឃឹម វាយ​ស្គរ និង កូតទ្រ​ជាដើម​។​

លោក ផ្លុ​ង មឿ​ក ធ្លាប់​ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍​ចំនួន​២​លើក​រួចមកហើយ លើក​ទី​១ លោក​ធ្លា​ប់រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី នុត ណាត់ ក្នុង​ឆ្នាំ​១៩៦០​។ ភរិយា​របស់លោក អ្នកស្រី នុត ណាត់ គឺ​កសិករ រស់នៅ​ក្នុងភូមិ​ត្រពាំង​ថ្លាន់ ឃុំ​ពន្ធ​សាំង ស្រុក​អង្គស្នួល ខេត្តកណ្ដាល តែ​គាត់​(​ប្រពន្ធ​)​បាន​ស្លាប់​នៅក្នុង​របប​ប៉ុលពត​។ លោក តា ផ្លុ​ង មឿ​ក មានកូន​ចំនួន​៤​នាក់ ស្រី ទាំងអស់​។

លោក មឿ​ក បាន​រៀប​អាពាហ៍ពិពាហ៍​លើក​ទី​២ ជាមួយ​អ្នកស្រី ពិ រ៉ា ដែលជា​អ្នករស់នៅ​ខេត្ត កំពង់ចាម ក្នុង​ឆ្នាំ ១៩៨០ រហូតមកដល់​បច្ចុប្បន្ន​ភរិយា​របស់លោក​អ្នកស្រី ពិ រ៉ា មាន​អាយុ​៦២ ឆ្នាំ ហើយ​ពួកគាត់ បង្កើត​បានកូន ៥​នាក់​ទៀត គឺ​ប្រុស​៣ ស្រី​៣​។ ក្នុងចំណោម​កូន​ទាំងអស់ របស់លោក លោក​បាន​បណ្ដុះបណ្ដាល​ឲ្យ​ក្លាយទៅជា​អ្នកសិល្បៈ​បាន​ម្នាក់ គឺ​កូន​ប្រពន្ធ​មុន​បច្ចុប្បន្នកំពុង​រស់នៅ​សហរដ្ឋអាមេរិក ជាមួយ​ស្វាមី​ដែលជា​ជនជាតិ​អាមេរិក​៕

mek21