រាជធានីភ្នំពេញ៖ក្រុមអង្គការសង្គមស៊ីវិល បានចេញសេចក្ដីថ្លែងការណ៍រួម មួយដោយស្នើឲ្យសាលាឧទ្ធរណ៍បដិសេធការផ្ដន្ទាទោសសកម្មជនបរិស្ថានខេត្តកោះកុង៣រូប ខណៈដែលសាលាឧទ្ធរណ៍គ្រោងបើកសវនាការ នៅថ្ងៃទី៣១ ខែមករានេះ។
យោងតាមសេចក្តី មន្ត្រីបរិស្ថានទាំង៣រូប ដែលត្រូវសាលាដំបូងខេត្តកោះកុងផ្ដន្ទាទោសនោះ គឺជាសកម្មជនការពារបរិស្ថាននៃអង្គការមាតាធម្មជាតិ រួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង។ ថ្លែងការអះអាងថា សកម្មជនបរិស្ថានទាំង ៣នាក់ មិនមែនជាឧក្រិដ្ឋជននោះទេ ពោលគឺពួកគេជាអ្នកការពារបរិស្ថានដ៏ក្លាហាន ដែលបានរួមចំណែកយ៉ាងធំធេង ដើម្បីការពារធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជា សម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ និងសម្រាប់អ្នកជំនាន់ក្រោយ។
គួរម្លឹកថា សកម្មជនបរិស្ថានទាំង ៣រូបនោះ ត្រូវបានតុលាការខេត្តកោះកុង ផ្ដន្ទាទោសដាក់ពន្ធនាគារ ១៨ខែ និងពិន័យជាប្រាក់ ២លានរៀល ព្រមទាំងបង្គាប់ឲ្យសងសំណងខូចខាត ១០០លានរៀលទៅឲ្យក្រុមហ៊ុនបូមខ្សាច់ដែលប្ដឹងពួកគេពីបទព្រហ្មទណ្ឌ កាលពីដើមខែកក្កដា ឆ្នាំ២០១៦ ។ សកម្មជនទាំង ៣រូប ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ១០ខែ និង ១៥ថ្ងៃ មុនពេលតុលាការសម្រេចព្យួរទោសដែលនៅសេសសល់។ ប៉ុន្តែខណៈនេះសកម្មជនការពារបរិស្ថានទាំង ៣នាក់ កំពុងភៀសខ្លួនទៅក្រៅប្រទេស។
សកម្មជនបរិស្ថានទាំង ៣រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះក៏ព្រោះតែពួកគេបានគាំទ្រសហគមន៍ភូមិអណ្ដូងទឹក ស្ថិតក្នុងខេត្តកោះកុង ដើម្បីតវ៉ាប្រឆាំងនឹងការបូមខ្សាច់របស់ក្រុមហ៊ុន កាលពីឆ្នាំ២០១៥។ ប៉ុន្តែចាប់តាំងពីនោះមករាជរដ្ឋាភិបាលក៏បានអះអាងថា បានផ្អាកការបូមខ្សាច់ក្នុងខេត្តកោះកុង ហើយ។ ការផ្អាកនេះ ត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថា កើតចេញពីការខិតខំមួយផ្នែកធំជាបន្តបន្ទាប់របស់អង្គការមាតាធម្មជាតិ៕