អ្នក​ប្រឹក្សា​ច្បាប់​របស់​មី​យ៉ាន់​ម៉ា​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2017 ក+ ក-

មី​យ៉ាន់​ម៉ា​៖​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​គ្រប់គ្រង​អំណាច​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​គឺ​ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​ខាងក្រៅ​ព្រលានយន្តហោះ​ដ៏​មមាញឹក​បំផុត​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃអាទិត្យ​ដែល​នេះ​ជាការ​ផ្ទុះឡើង​នូវ​អំពើហិង្សា​នយោបាយ​ដ៏​កម្រ​នៅក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​យ៉ាំង​ហ្គោ​ន​។​
​ប៉ូលិស​បាន​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ម្នាក់​ប៉ុន្តែ​គេ​មិនទាន់​ដឹង​ទេ​អំពី​ការ​ជម្រុញ​ឲ្យ​សម្លាប់​លោក Ko Ni វ័យ​៦៥​ឆ្នាំ​រូបនេះ​ដែលជា​សមាជិក​ជ​ន​ជាតិ​ភាគតិច​មូស្លីម​ដ៏​លេចធ្លោ​របស់​មី​យ៉ាន់​ម៉ា​។​ការធ្វើឃាត​នេះ​បាន​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​ខ្ពស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ភាគច្រើន​កាន់​ព្រះពុទ្ធសាសនា​និង​ជា​កន្លែង​មេដឹកនាំ Aung San Suu Kyi ស្ថិតនៅក្រោម​សម្ពាធ​លើ​ប្រតិបត្តិការ​សន្តិសុខ​ធ្ងន់​ដៃ​នៅក្នុង​តំបន់​មួយ​នៅ​ភាគ​ពាយព្យ​របស់​ប្រទេស​នេះ​ដែលមាន​ប្រជាជន​ភាគច្រើន​ជា​ជន​មូស្លីម​។​
​ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​មេធាវី​នៅមុខ​ស្ថានីយ​ធំ​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​យ៉ាំង​ហ្គោ​ន​នៅ​ម៉ោង​ប្រហែល​៥​ល្ងាច​។ នេះ​បើ​យោងតាម San Naing ដែលជា​ជំនួយការ​របស់ Ko Ni ។​រូបភាព​ដែល​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បានបង្ហាញ​ពី​បុរស​ម្នាក់​ពាក់អាវ​ផ្កាឈូក ខោខ្លី​និង​ស្បែកជើងសង្រែក​ភ្ជង់​កាំភ្លើង​ពីក្រោយ​ក្បាល​របស់ Ko Ni ។ សមាជិកគ្រួសារ​បាន​និយាយថា Ko Ni កំពុង​ព​ចៅប្រុស​របស់គាត់​នៅពេលដែល​គាត់​ត្រូវបាន​សម្លាប់​។​
​អ្នកបើក​តាក់ស៊ី​ម្នាក់​ដែល​ព្យាយាម​បញ្ឈប់​ខ្មាន់កាំភ្លើង​ក៏ត្រូវ​បានសម្លាប់​ផងដែរ​។ នេះ​បើ​យោងតាម​លោក Zaw Htay ដែលជា​អ្នកនាំពាក្យ​លោក​ប្រធានាធិបតី Htin Kyaw ។​
​លោក Zaw Htay បាន​ប្រាប់ Reuters ថា “​យើង​បាន​ឃាត់ខ្លួន​និង​កំពុង​សាកសួរ​ខ្មាន់កាំភ្លើង​ដើម្បី​រក​ឲ្យ​ឃើញ​ពី​មូល​ហេតុដែល​គាត់​បានសម្លាប់​លោក Ko Ni និង​អ្នក​ដែល​នៅ​ពីក្រោយ​ឬ​ជួល​គាត់​ឲ្យ​ធ្វើ​រឿងនេះ​”​។​
​មន្ត្រីប៉ូលិស​ម្នាក់​បាន​ប្រាប់ Reuters ថា ជនសង្ស័យ​នេះ​គឺជា​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​មាន​អាយុ​៥៣​ឆ្នាំ​មកពី​ទីក្រុង​ភាគ​កណ្តាល Mandalay ។​
​គួរ​បញ្ជាក់ថា លោក Ko Ni ដែលជា​អ្នកជំនាញ​ផ្នែក​ច្បាប់រដ្ឋធម្មនុញ្ញ​គឺ​បាន​និយាយ​អំពី​តួនាទី​អំណាច​យោធា​ដែល​បាន​រក្សា​នៅក្នុង​ការគ្រប់គ្រង​ប្រទេស​មី​យ៉ាន់​ម៉ា​បើទោះបីជា​ប្រគល់​អំណាច​ទៅ​ឲ្យ​រដ្ឋបាល​ស៊ីវិល​របស់លោក​ស្រី Suu Kyi នៅក្នុង​ខែមេសា​ក៏ដោយ​៕

93861259_mediaitem93861256