លោក Duterte ថានឹង​ពង្រីក​សង្គ្រាម​គ្រឿងញៀន​ដល់​ចប់​អាណត្តិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2017 ក+ ក-

​ម៉ានីល​៖​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​និយាយថា លោក​នឹង​ពង្រីក​សង្គ្រាម​គ្រឿងញៀន​បង្ហូរឈាម​របស់​គាត់​រហូតដល់​ថ្ងៃ​ចុងក្រោយ​នៃ​អាណត្តិ​របស់គាត់​នៅ​ឆ្នាំ​២០២២​ប៉ុន្តែ​បាន​ទទួលស្គាល់ថា កងកម្លាំង​ប៉ូលិស​របស់គាត់​កំពុង​ពុករលួយ​។​
​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់​នៅក្នុង​ការបង្ក្រាប​ដែល​ចាប់ផ្តើម​នៅពេលដែល​លោក Duterte ចូលកាន់​តំណែង​នៅ​ពាក់កណ្តាល​ឆ្នាំមុន​ខណៈ​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​ព្រមាន​ថា ប៉ូលិស​កំពុង​អនុវត្ត​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​មិនមែន​គ្រាន់តែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជនល្មើស​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ជួយ​ដល់​សកម្មភាព​ពុករលួយ​របស់​ពួកគេ​ដោយផ្ទាល់​ផងដែរ​។​
​លោក Duterte បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ដោយសារតែ​ការឃោសនា​រៀបចំ​ច្បាប់​និង​សណ្តាប់ធ្នាប់​ជាពិសេស​ការប្តេជ្ញា​លុបបំបាត់​ពាណិជ្ជកម្ម​គ្រឿងញៀន​ខុសច្បាប់​ក្នុង​រយៈពេល​ប្រាំ​មួយខែ​។​
​នៅពេល​ចូលកាន់​តំណែង លោក Duterte បាន​ពង្រីក​ការ​កំណត់ពេល​រហូតដល់​ខែមីនា​ឆ្នាំនេះ​ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​លោក​បាន​និយាយថា នឹង​មិនមាន​ទីបញ្ចប់​ទេ​ខណៈ​ណា​ដែល​លោក​នៅតែ​កាន់តំណែង​។ លោក Duterte បាន​ប្រាប់​អ្នកកាសែត​ថា​“​ខ្ញុំ​នឹង​ពង្រីក​វា​ទៅ​ថ្ងៃ​ចុងក្រោយ​នៃ​អាណត្តិ​របស់ខ្ញុំ​។ ខែមីនា​គឺ​លែង​ត្រូវបាន​គេ​គិត​ទៀតហើយ​”​។​
​នៅ​ប្រទេស​ហ្វីលីពីន ប្រធានាធិបតី​ត្រូវបាន​អនុញ្ញាត​ឲ្យ​កាន់តំណែង​ត្រឹម​តែមួយ​អាណត្តិ​ប៉ុណ្ណោះ​ដែល​មួយ​អាណត្តិ​មាន​រយៈពេល​ប្រាំ​មួយឆ្នាំ​។​
​លោក Duterte ហាក់ដូចជា​មិន​ប្រែ​ចិ​ត្ដ​ឡើយ​បើទោះបីជា​ត្រូវ​ប្រឈមមុខ​នឹង​ការរិះគន់​យ៉ាងខ្លាំង​លើ​សង្គ្រាម​គ្រឿងញៀន​ពី​រដ្ឋាភិបាល​លោកខាងលិច ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​និង​ក្រុម​សិទ្ធិមនុស្ស​នានា​ដោយ​និយាយថា គាត់​ត្រូវតែ​ចាត់វិធានការ​ខ្លាំងក្លា​ដើម្បី​បញ្ឈប់​ហ្វីលីពីន​ពី​ការ​ក្លាយជា​រដ្ឋ​គ្រឿងញៀន​មួយ​។​
​ប៉ូលិស​ត្រូវបាន​គេ​រាយការណ៍​ថា​បានសម្លាប់​មនុស្ស​ជាង​២,៥០០​នាក់​ដែល​ពួកគេ​ចោទប្រកាន់ថា​ជា​ជនសង្ស័យ​គ្រឿងញៀន​ខណៈពេល​មនុស្ស​ជិត​៤,០០០​នាក់​ផ្សេងទៀត​បាន​ស្លាប់​ក្នុង​កាលៈទេសៈ​ដែល​មិនអាច​ពន្យល់បាន​នៅក្នុង​ការបង្ក្រាប​នេះ​៕

Rodrigo-Duterte-okiho-1200x800