កំពង់ចាម៖អធិការនគរបាលស្រុលជើងព្រៃបានបញ្ជូនខ្លួនអតីតទណ្ឌិតម្នាក់ ដែលបានដោះលែងឲ្យមានសេរីភាពថ្មីៗ ឲ្យទៅនៅក្នុងពន្ធនាគារ ជាលើកទី២ម្តងទៀត ព្រោះតែទណ្ឌិតម្នាក់នេះមិនកែខ្លួន ដោយបានចាប់រំលោភសេពសន្ថវៈ រហូតបានសំរេច លើនារីមានសតិមិនល្អ។
លោកវរសេនីយ៍ត្រី យ៉ែម សុផល អធិការរងនគរបាលស្រុកជើងព្រៃ បានឲ្យដឹងថា ករណីរំលោភសេពសន្ថវ នេះបានកើតឡើង នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី២៨ មករា ២០១៧ នៅក្រោមផ្ទះឈ្មោះ សំ ហន ភេទប្រុស អាយុ៦៣ឆ្នាំ ជាឪពុកនារីរងគ្រោះ មានទីលំនៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជនសង្ស័យត្រូវបានសមត្ថកិច្ច ចាប់ខ្លួនឈ្មោះ ឆុំ ស៊ឺន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេងុខាងលើ ជាអតីតទណ្ឌិត ត្រូវបានដោះលែងចេញពីពន្ធនាគារ កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦ ពីបទប្រទូស្តកេរ្តិ៍ខ្មាស។ ចំណែកនារីរងគ្រោះឈ្មោះ (ហ.យ) អាយុ៣៤ឆ្នាំ ជាមនុស្សមានសតិមិនល្អ មានផ្ទះក្បែរជនសង្ស័យ ភូមិ-ឃុំកើតហេតុ។
ស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅពេលកើតហេតុ នាងនៅក្រោមផ្ទះតែម្នាក់ឯង ពេលនោះស្រាប់តែមានឈ្មោះ ឆុំ ស៊ឺន ភេទប្រុស បានចូលមកដល់ក្រោមផ្ទះ ចាប់នាងផ្តួលទៅលើគ្រែ ហើយរំលោភសេពសន្ថវ រហូតបានសំរេច ខណៈនោះឪពុកនាងបានមកទាន់ចាប់ឈ្មោះ ឆុំ ស៊ឺន ប្រគល់ជូនសមត្ថកិច្ច ។
លោក សំ ហន (ឪពុកនារីរងគ្រោះ) បានឲ្យដឹងថា នៅមុនពេលកើតហេតុ លោកបានយកម៉ូតូទៅលាង ពេលលាងម៉ូតូហើយ ក៍បណ្តើរម៉ូតូមកទុកក្រោមផ្ទះ ក៍បានឃើញឈ្មោះ ឆុំ ស៊ឺន កំពុងរំលោភសេពសន្ថវ កូនស្រីរបស់ខ្លួន ឃើញដូច្នេះ លោកក៍បានចូលទៅចាប់ឈ្មោះ ឆុំ ស៊ឺន ប្រគល់ឲ្យសមត្ថកិច្ច។
ជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុខ្លួនបាននៅក្រោយផ្ទះផ្លាសខ្សែចំណងគោ ហើយដើរត្រឡប់មកវិញ ស្រាប់តែឈ្មោះ ហ.យ នៅក្បែរផ្ទះស្រែកហៅខ្លួនឲ្យទៅជិត ហើយក៍បបួលខ្លួនរួមភេទ ។ ឆុំ ស៊ឺន (ជនសង្ស័យ) បន្តថា ពេលរួមភេទរួចបានសំរេចហើយ ស្រាប់តែឪពុកនាងមកទាន់ ក៍ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕