ដោយ៖ប៉ែន សុផល
បាត់ដំបង៖ល្បែងស៊ីសងប្រជល់មាន់មួយកន្លែងកំពុងបើកលេងភ្នាល់ដាក់លុយយ៉ាងអាណាធិបតេយ្យចាញ់ឈ្នេះរាប់លានក្នុងមួយថ្ងៃៗនៅក្នុងស្រុកសង្កែតែសមត្ថកិច្ចមិនមានចំណាត់ការ។
ប្រជាពលរដ្ឋបាននិយាយថា ល្បែងស៊ីសងប្រជល់មួយកន្លែងនៅចំណុចភូមិថ្មី ហៅកងកេង ស្ថិតក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែដែលមានម្ចាស់សង្វៀនឈ្មោះវែនអឿនកំពុងបើកលេងភ្នាល់ដាក់លុយយ៉ាងអាណាធិបតេយ្យចាញ់ឈ្នះលុយរាប់លានក្នុងមួយថ្ងៃៗហើយមិនដែលឃើញមានសមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធណាម្នាក់ចុះទៅហាមឃាត់ឬបង្ក្រាបឡើយ។
ប្រភពមួយចំនួនទៀតបានរិះគន់ថាដោយសាតែសមត្ថកិច្ចនិងអាជ្ញាធរតាមមូលដ្ឋានបណ្តោយអោយមានការប្រព្រឹត្តលេងនូវល្បែងស៊ីសងគ្រប់ប្រភេទដោយមិនធ្វើការបង្ក្រាបនេះហើយ បានធ្វើអោយប្រជាពលខ្មែរជាច្រើន ធ្លាក់ខ្លួនក្រ ជំពាក់លុយអង្គការ ឈ្លោះប្រកែក បែកបាក់គ្រួសារ និងចំណាក់ស្រុកជាដើម។
ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសងប្រជល់មាន់ខាងលើ លោក ប៉ែន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រៀងបានប្រាប់អ្នកសារព័ត៌មាន(មេគង្គប៉ុស្តិ៍)យើងនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះថា សួរមកខ្ញុំ ខ្ញុំមិនដឹងឆ្លើយយ៉ាងម៉ិចទេទាល់តែសួរទៅលោកអធិការទៅទើបដឹង។
ចំណែកលោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសងប្រជល់មាន់ ខាងលើនេះ លោកបានប្រាប់តាមរយៈទូរស័ព្ទនៅរសៀលថ្ងៃនេះផងដែរថា កុំទាន់អាលធ្វើអោយបែក លោកបានត្រៀមកម្លាំងបំរុងចុះទៅបង្ក្រាបហើយ៕
ល្បែងស៊ីសង ជល់មាន់មួយកន្លែងនៅស្រុកសង្កែដំណើរការដោយសុវត្ថិភាព