ចាប់ខ្លួន​ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង​ពីបទ​ប្រើ​អំពើហិង្សា​លើ​ស្រី​ស្នេហ៍ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2017 ក+ ក-

​ខេត្តក្រចេះ​៖​កម្លាំង​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សំបូរ សម្រេច​ចាប់ខ្លួន​លោកគ្រូ​ពេទ្យ និង​ជា​ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង បន្ទាប់ពី​មានការ​ផ្ទុះ​រឿងអាស្រូវ​ជា​លើកចុងក្រោយ ជាមួយ​អ​ឌិ​ត​ស្រី​កំណាន់ រហូត​ឈាន​នាង​មកប្តឹង​នគរបាល​ថា ការពិត​លោកគ្រូ​ពេទ្យ​រូបនេះ មាន​លាក់​អាវុធ​វែង​-​ខ្លី​ខុសច្បាប់ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏បង្ក​ហិង្សា​ធ្ងន់ធ្ងរ​ទៅលើ​រូបនាង ដោយបាន​វាយ​ធ្វើបាប និង​ដោះយក​គ្រឿងអលង្ការ​ពី​ខ្លួន​នាង ក្រោយពី​បាន​បើករថយន្ត​សាមុយ​ពេទ្យ​បំ​បុក​នាង​ពេល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​មនុស្ស​ប្រុស​ម្នាក់​ផ្សេងទៀត ដោយសារតែ​ភ្លើង​ប្រចណ្ឌ​នោះ ។​
​អធិការរង​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី​ណ​យ ស៊ី​ថាច បានឱ្យដឹងថា ការចាប់ខ្លួន​លោកគ្រូ​ពេទ្យ​ឈ្មោះ​សឹម ចាន់​វាសនា ហៅ​ពេទ្យ​មឿ​ន អាយុ​៤៧​ឆ្នាំ មានមុខ​ងារ​ជា​ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង រស់នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ គឺ​បាន​ធ្វើឡើង​ទៅតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់លោក​ធុច បញ្ចៈ​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ហើយ​នគរបាល​ក៏បាន​ចុះ​អនុវត្ត កាលពី​រសៀល​ថ្ងៃទី​៣១ មករា នេះ ស្ថិតនៅ​មណ្ឌល​សុខភាព​។​
​គួរ​បញ្ជាក់ថា ជនជាប់ចោទ​ជា​គ្រូពេទ្យ និង​ជា​ប្រធាន​មណ្ឌល​សុខភាព ត្រូវបាន​រង​ការ​ចោទ​ពី​នារី​ម្នាក់​ឈ្មោះ​ម៉ុ​ច ស្រី​ដា អាយុ​២២​ឆ្នាំ រស់នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ដែល​អះអាង​នាង ជា​អតីត​គួ​ស្នេហ៍​កំណាត់​ចិត្ត​របស់លោក​គ្រូពេទ្យ​រូបនេះ និង​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​រយៈពេល​ជាង​៧​ឆ្នាំ​មកហើយ​។ នាង​ក៏បាន​សុំ​បែក​គ្នា​ជាមួយនិង​លោកគ្រូ​ពេទ្យ​រូបនេះ ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃមុន​ថ្ងៃកើតហេតុ ដោយហេតុ​ផល​ថា​លោកគ្រូ​ពេទ្យ​នេះ មាន​ប្រពន្ធ​កូន ទើប​នាង​មិនអាច​រួមរស់​នៅ​ជាមួយគ្នា​បានយូរ​អង្វែង​។​
​បើតាម​ការ​សម្រង់​បណ្តឹង ក៏ដូចជា​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ឯក កង វ​ណ្ណី នាយ កា​រិ​ល័យ​កណ្តាល​យុត្តិធម៌​បាន​ឲ្យ​ដឹងថា ជនជាប់ចោទ បាន​ខឹង​ជាមួយ​នារី​រងគ្រោះ ដែល​សុំ​បែក​គ្នា និង​បាន​បើកឡាន​ស៊ី​រ៉ែ​ន​ជា​ឡាន​សាមុយ​សម្រាប់​សង្គ្រោះ​របស់​មណ្ឌល​សុខភាព បើ​កបំ​បុក និង​កៀរ​លើ​នារី​រងគ្រោះ កាលពី​យប់​ថ្ងៃទី​២៥ មករា កន្លងមក នៅលើ​ផ្លូវជាតិ​មួយកន្លែង ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ នៅពេល​នាង​កំពុងតែ​ជិះ​ម៉ូតូ​ជាមួយនិង​មិត្ត​ភ​ក្កិ​ប្រុស​ម្នាក់​។​
​ក្នុង​ហេតុការណ៍​បើករថយន្ត​កៀរ និង​បំ​បុក​ម៉ូតូ​របស់​នារី​រងគ្រោះ ដែល​កំពុងតែ​ជិះ​ឌុប​គ្នា ជាមួយនិង​មិត្តភក្តិ​ប្រុស​ម្នាក់ បណ្តាល​ឲ្យ​ដួល និង​រងរបួស​រួចមក លោកគ្រូ​ពេទ្យ​ជាប់ចោទ ក៏បាន​ចុះ​ពីលើ​រថយន្ត​សាមុយ មក​ទះកំផ្លៀង​លើ​មិត្តភក្តិ​របស់​នាង​ជាច្រើន​កំផ្លៀង និង​បាន​គំរាម​មិន​ឱ​បុរស​រូប​នោះមក​ទំនាក់​ទំនងជា​មួយរូប​នាង​ដែលជា​សង្សារ​របស់គេ​ព្រមទាំង​គំរាម​មិន​ឲ្យ​យក​រឿងនេះ​ទៅប្រាប់​គេឯង​ឲ្យ​ដឹង​នោះទេ ។​
​ក្រៅពី​ការ​ទះកំផ្លៀង​លើ​បុរស​រូបនោះ​រួចមក លោកគ្រូ​ពេទ្យ​រូបនេះ ក៏បាន​វាយ​ទៅលើ​រូបនាង និង​ចាប់​អូស​នៅ​និង​លើ​ថ្នល់ ព្រមទាំង​បាន​ដោះយក​គ្រឿងអលង្ការ​មាន​ខ្សែ ដៃ និង​ខ្សែ​.​ក ពីលើ​ខ្លួន​របស់​នាង​រួច​ក៏បាន​ចាប់​អូស​នាង​ឡើង​រថយន្ត​សាមុយ និង​បាន​បើក​យក​នាង​មក​ទម្លាក់ចោល​នៅខាងមុខ​ផ្ទះ​។​
​លើសពីនេះទៅទៀត បើតាម​បណ្តឹង​របស់​នារី​រងគ្រោះ​បាន​ប្តឹង​មក​នគរបាល​ថា លោកគ្រូ​ពេទ្យ​ជាប់ចោទ​រូបនេះ មាន​លាក់​នូវ​អាវុធ​ខុសច្បាប់​ចំនួន​២​ដើម ក្នុងនោះ​មាន​អាវុធខ្លី មួយ​ដើម​និង​អាវុធ​ធន់​អាការ​មួយ​ដើម​ទៀតផង​ដែរ ។ ដោយសារតែ​នាង​ដឹងថា លោក គ្រូពេទ្យ​ជាប់ចោទ មាន​ចរិត​កោងកាច និង​មានប្រើ​ប្រាស់​អាវុធ​ខុសច្បាប់ ដោយ​បារម្ភ​ពី​សុខ​សុវត្ថិភាព​លើ​រូបនាង ក៏ដូចជា​ក្រុមគ្រួសារ​របស់​នាង ទើប​នាង​មក​ដាក់​ពាក្យបណ្តឹង​មក​នគរបាល​។​
​ជុំវិញ​ហេតុការណ៍​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ឈ្នាង សុវត្ថា ធ្លាប់បាន​បញ្ជាក់ថា លោក​នឹងមាន​វិធានការ​តាម​នីតិវិធី​របស់​ក្រសួង ប្រសិនបើ​រកឃើញថា មន្ត្រី​ពេទ្យ​រូបនេះ បាន​ប្រើ​អក​ប្បរិ​យា​មិន​គប្បី​ទៅលើ​ពលរដ្ឋ ពោលគឺ​យក​រថយន្ត​សង្គ្រោះ ពលរដ្ឋ​ទៅ​បង្ក​របួស​ដល់​ពលរដ្ឋ​ទៅវិញ​នោះ ។​
​ចំណែក​ការចោទប្រកាន់ថា គ្រូពេទ្យ​នេះ​មាន​ចេតនា​ប៉ុនប៉ង​មនុស្សឃាត ឬក៏​លាក់ទុក​អាវុធ​ខុសច្បាប់ លោក​ទុក​ភារកិច្ច​នេះ ឲ្យ​ទៅខាង​នគរបាល​ជា​អ្នកស្រាវជ្រាវ​លើ​វិធានការ​។ បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ពី​លោក​វរសេនីយ៍ឯក កង វ​ណ្ណី នាយ​កា​រិ​យ​ល័យ​កណ្តាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ក្រោយ​ការចាប់ខ្លួន​គ្រូពេទ្យ​ជាប់ចោទ ត្រូវបាន​នាំខ្លួន​មក​អធិការនគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី ។ ចំពោះ​អាវុធ​វែង​ខ្លី ដែល​ចោទថា លោកគ្រូ​ពេទ្យ​នេះ មាន​លាក់​សម្រាប់​ប្រើ​ខុសច្បាប់​នោះ គឺ​នគរបាល​កំពុងតែ​ស្រាវជ្រាវ​រុករក​៕

Untitled-116443889_1827142804190948_1749682346_o16467031_1827142784190950_1423461694_n16425526_1827142787524283_819501337_n