ភ្នំពេញះលោក ប៉ែន សុវណ្ណ មកដល់ភ្នំពេញវិញហើយ នៅព្រឹកថ្ងៃទី៥ កុម្ភៈ នៅម៉ោងប្រហែល ៩ព្រឹក តាមជើងយន្តហោះ សៀលក៍អ៊ែរ (Silk Air) បន្ទាប់ពីត្រូវបានគណបក្សសង្គ្រោះជាតិ បញ្ជូនទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី។
ក្នុងដំណើរត្រឡប់ពីការព្យាបាលនេះ លោក ប៉ែន សុវណ្ណ ហាក់ពុំមានអ្វីធូរស្រាលប៉ុន្មានទេ បើទោះបីជាតំណាងរាស្ត្របក្សសង្គ្រោះជាតិ គឺអ្នកស្រី លី ស្រីវីណា អះអាងថា លោក ប៉ែន សុវណ្ណ បានធូរស្រាលជាងមុន និងបានផ្ទៀងផ្ទាត់ជាមួយវេជ្ជបណ្ឌិត មុនបញ្ជូនមកដល់កម្ពុជា នៅថ្ងៃនេះក្ដី។
លោក ប៉ែន សុវណ្ណ បានចំណាយពេលជាងកន្លះម៉ោងចុះពីយន្តហោះ ហើយត្រូវគេសែងដាក់ក្នុងឡានសាមុយ ដើម្បីនាំទៅសម្រាកថែទាំជំងឺនៅមន្ទីរសម្រាកព្យាបាល លី ស្រីវីណា ទួលទំពូង។
ការចំណាយពេលជាងកន្លះម៉ោងនេះ ហាក់បង្ហាញថា ស្ថានភាពជំងឺលោក ប៉ែន សុវណ្ណ ត្រូវការភាពប្រុងប្រយ័ត្នខ្ពស់ណាស់ពីសុខភាពរបស់លោក។
ចំណែកស្ថានភាពនៅកន្លែងចាំទទួលលោក ប៉ែន សុវណ្ណ វិញ ក៏មិនសូវមានថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ មកហែហមចាំទទួលដំណើរច្រើនដែរ ដោយឃើញមានតែសមាជិកសភាខាងបក្សសង្គ្រោះជាតិ ៤-៥រូបប៉ុណ្ណោះ។
លោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលកំពង់ស្ពឺ នាអាណត្តិទី៥នេះ និងជាអតីតនាយករដ្ឋមន្ត្រីទី១ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា៕
លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលកំពង់ស្ពឺ នៃបក្សសង្គ្រោះជាតិ សម្រាកថែទាំជំងឺ នៅមន្ទីរសម្រាកព្យាបាល លី ស្រីវីណា ទួលទំពូង រាជធានីភ្នំពេញ នៅថ្ងៃទី៥ កុម្ភៈ ២០១៥។