គូឡាឡាំពួរ៖ប៉ូលិសប្រឆាំងភេរវកម្មម៉ាឡេស៊ីបានចាប់ខ្លួនបុរស៣នាក់ក្រោមបទសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ ISIS ក្នុងនោះមានម្នាក់ជាមន្ត្រីសន្តិសុខក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines)។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
ប៉ូលិសបាននិយាយថា ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើធ្វើឡើងនៅចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករានៅក្នុងប្រតិបត្តិការវាយឆ្មក់ដាច់ដោយឡែក ពីគ្នានៅឯរដ្ឋ Pahang និងទីក្រុងគូឡាឡាំពួរ។ ក្នុងចំណោមជនសង្ស័យទាំងនេះមានម្នាក់អាយុ៣៧ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី គឺជាមន្ត្រីសន្តិសុខរបស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Kuantan នៃរដ្ឋប៉ាហាំង ខណៈមនុស្សពីរនាក់ផ្សេង ទៀតមានអាយុ៣២ឆ្នាំ និង៣៨ឆ្នាំ សុទ្ធតែជាប់សង្ស័យថា មានទំនាក់ទំនងជាមួយក្រុម ISIS និងកំពុងរៀបចំគំរោងវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងគូឡាឡាំពួរ៕