ដោយ៖បញ្ញា
ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅសហការជាមួយកម្លាំងសង្កាត់ចោមចៅបានបើកប្រតិបត្ដិការចុះបង្ក្រាបវង់ល្បែង ស៊ីសង នានា ដែលបាន លួចលេងនៅតាមមូលដ្ឋានកាលពីរសៀលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ ២០១៧ នៅជិតបន្ទាយ៩៩ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្ដែអ្នកញៀនល្បែងទាំងប្រុស ទាំងស្រីបាននាំគ្នារត់ប្រសេចប្រសាចបាតជើង.សព្រាតដោយបន្សល់ទុកមាន់គករស់ចំនួន៤ក្បាល់ និងងាប់១ក្បាល់ ថែមទាំងសំភារៈមួយចំនួន នៅពេលដែលឃើញកម្លាំងសមត្ថកិច្ចចុះទៅ។
មន្ដ្រីនគរបាលសង្កាត់ចោមចៅបានអោយដឹងថា បើទោះបីកម្លាំងសមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកញៀនល្បែងណាម្នាក់នោះឡើយ ប៉ុន្តែកម្លាំងសមត្ថកិច្ចបាន ដកហូតបានមាន់ចំនួន៥ក្បាលគឹនៅរស់៤ក្បាល់និងងាប់មួយក្បាល រួមទាំងសម្ភារៈ នៅនឹងកន្លែងជាក់ស្ដែង ដូចជា បៀរ កំរាលសំរាប់លេងអាប៉ោង ជាដើម ។
មន្ដ្រីនគរបាលបានបន្ដថា ប្រតិបត្ដិការ ខាងលើនេះ ធ្វើឡើងដើម្បីអនុវត្ដគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជ រដ្ឋាភិបាល និងតបតាម ការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យលុបបំបាត់ចោលល្បែង ស៊ីសងខុសច្បាប់ ដែលកើតមានឡើងនៅ ក្នុងមូលដ្ឋានរបស់ខ្លួន ជៀសវាងបង្កជាបទ ល្មើស លួច ឆក់ ប្លន់ ជាដើម ។
ជាមួយគ្នានេះ លោកអធិការខណ្ឌពោធិ៍សែនជ័យ ក៏បានបញ្ជាក់គ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវបង្កើនកិច្ចសហប្រតិបត្ដិការ រវាងសមត្ថកិច្ច និងប្រជាពលរដ្ឋទប់ ស្កាត់បទល្មើសនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន៕