រុស្ស៊ី​ព្រមាន​ចាត់ការ​ឆ្លើយតប​បើ​មានការ​គម្រាមកំហែង​ណាមួយ​ពី​សមយុទ្ធ​របស់​ណា​តូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2017 ក+ ក-

​មូ​ស្គូ​៖​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergueï Choïgou បាន​និយាយថា ទីក្រុង​ម៉ូស្គូ​បានធ្វើការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ ក៏ដូចជា​ព្រមាន​ចាត់វិធានការ​ឆ្លើយតប​នៅក្នុង​ករណី​មានការ​គម្រាមកំហែង​ណាមួយ​ដល់​សន្តិសុខ​ជាតិ​របស់ខ្លួន​ពី​ការធ្វើ​សមយុទ្ធ​យោធា​របស់​អង្គការ​ណា​តូ​ដែល​កំពុង​នៅ​សមុទ្រ​ខ្មៅ​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន Sputnik
​លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់ថា «​ទីក្រុង​ម៉ូស្គូ​សង្ឃឹមថា ការធ្វើ​សមយុទ្ធ​យោធា​របស់​អង្គការ​ណា​តូ នឹងត្រូវ​ធ្វើឡើង​នៅ​ចំងាយ​សុ​វត្តិភាព​ពី​រុស្ស៊ី ហើយ​វា​ក៏​នឹងមិន​បង្ក​ជា​ផលប៉ះពាល់​ណាមួយ​ដល់​សន្តិសុខ​របស់​យើង​នោះដែរ បើ​ពុំ​ដូច្នោះ​ទេ យើង​នឹង​ចាត់វិធានការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​បង្ករឿង​ទាំងឡាយ​»​។​
​អង្គការ​ណា​តូ​បាន​សមយុទ្ធ​យោធា​មាន​ឈ្មោះថា Sea Shield 2017 នៅឯ​សមុទ្រ​ខ្មៅ ដែលជា​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើកដំបូង​ក្នុង​ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ពី​សំណាក់​ប្រទេស​អ៊ុយ​ក្រែ​ន និង​សមាជិក​០៧ ផ្សេងទៀត​របស់​អង្គការ​ណា​តូ មាន​រយៈពេល​១០​ថ្ងៃ និង​មាន​យោធា​ចូលរួម​ជិត​២៨០០​នាក់ មកពី​ប្រទេស​រូ​ម៉ា​នី ប៊ុលហ្គារី ក្រិ​ក តួ​ក​គី សហរដ្ឋអាមេរិក កាណាដា អេ​ស្ប៉ា​ញ និង​អ៊ុយ​ក្រែ​ន បូក​រួមទាំង​នាវាចម្បាំង​១៦​គ្រឿង និង​យន្ដហោះ​ចម្បាំង​១០​គ្រឿង​ផងដែរ​។​
​គួរ​បញ្ជាក់ថា សមយុទ្ធ​យោធា Sea Shield 2017 បានចាប់ផ្តើមកាលពីម្សិលមិញ នឹងត្រូវ​ប្រព្រឹត្តទៅ​នៅឯ​តំបន់​សមុទ្រ​ខ្មៅ​ក្នុង​បរិវេណ​ប្រមាណ​ជា ៨០,០០០​គីឡូម៉ែត្រ​ក្រឡា ហើយ​វា​ត្រូវបាន​ធ្វើឡើង នៅក្នុង​បរិបទ​ដែល​អង្គការ​ណា​តូ និង​រុស្ស៊ី កំពុងមាន​ភាព​តានតឹង​នឹង​គ្នា ពាក់ព័ន្ធ​នឹង​ការដាក់​ពង្រាយ​យោធា​នៅតាម​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងកើត​៕

fn-2017-02-01-22-25-30-1fn-2017-02-01-22-25-30-0