គ្រោង​ស្ថាបនា​សួនច្បារ ផ្លូវ​ថ្មើរជើង​តាម​មាត់ទន្លេ​ចាប់ពី​ផ្សារ​រាត្រី​ដល់​ស្ពាន​ជ្រោយចង្វា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2017 ក+ ក-

រាជធានី​ភ្នំពេញ៖រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កំពង់ផែ​ស្វ័យ​ក្រុងភ្នំពេញ បាន​លើក​គម្រោង​ថ្មី​មួយទៀត ក្នុង​រៀបចំ​សណ្ដាប់​ធ្លាប់​ទីក្រុង​ឲ្យ​មាន​របៀបរៀបរយ កាន់តែ​ល្អប្រសើរ នោះ​គឺ​គម្រោង​ស្ថាបនា​លំហ​សាធារណៈ សួនច្បារ ផ្លូវ​ថ្មើរជើង​តាម​មាត់ទន្លេ ចាប់ពី​ផ្សារ​រាត្រី​មាត់ទន្លេ​ដល់​ស្ពាន​ជ្រោយចង្វា មាន​ប្រវែង​១,៦៤០​ម៉ែត្រ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​គម្រោង​ថ្មី​នេះ ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាមួយ​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត នៅ​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ហើយ​គម្រោង​ខាងលើ ក៏​ជា​គម្រោង​ថ្មី​មួយ ក្រោយ​បញ្ចប់​ការងារ​សាងសង់​ផ្លូវ​ថ្មើរជើង ចាប់ពី​បញ្ជរ​ទេសចរ ជាប់​សាលសន្និសីទ​ចតុមុខ ដល់​កំពង់ចម្លង​ដរ​អរិយ​ក្សត្រ​។​
​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា «​យើង​ចង់​ព​ន្លឿ​ន​ការងារ​នេះ​ឲ្យ​បាន​លឿន និង​រួចរាល់​នៅមុន​បុណ្យអុំទូក ឆ្នាំ​២០១៧ ដើម្បី​កែលម្អ​សោភ័ណភាព​រាជធានី​ភ្នំពេញ ហើយ​យើង​ចង់បាន​ការអភិវឌ្ឍ​ទីក្រុង​មួយ ប្រកបដោយ​សណ្តាប់ធ្នាប់ និង​មានការ​គិតគូរ​ច្បាស់លាស់ មិនមែន​ធ្វើ​ដោយ​ប្រថុយប្រថាន​នោះទេ​»​។​
​លោក​អភិបាល​រាជធានី​បាន​បន្តថា រដ្ឋបាល​រាជធានី​នឹង​ចាប់ផ្តើម​ការងារ ដោយ​ស្ថាបនា​ច្រាំងទន្លេ​ជាមុនសិន ហើយ​មកដល់ពេលនេះ ក្រុម​អ្នកបច្ចេកទេស​ក៏​កំពុង​បន្ត​សិក្សា​លើ​ផលប៉ះពាល់​គម្រោង​ខាងលើ ជា​បណ្ដើរៗ​ផងដែរ​។​
​ជាមួយគ្នានេះ អង្គភាព​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ បានបង្ហាញ​ជំហរ​ត្រៀមខ្លួន សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនោះ ព្រោះ​អង្គភាព​នេះ ក៏​ស្ថិតនៅក្នុង​រង្វង់​ប៉ះពាល់​នៃ​គម្រោង​នេះដែរ​។ ក្រៅពីនេះ ក៏មាន​ភោជនីយដ្ឋាន​ទន្លេសាប ភោជនីយដ្ឋាន​គីរីរម្យ ភោជនីយដ្ឋាន​ទិច​តា​និ​ច ស្ថិតនៅ​ប្រប​មាត់ទន្លេ ក៏មាន​ការប៉ះពាល់​នឹង​គម្រោង​នេះដែរ ដែល​ទាមទា​ឲ្យ​មាន​កិច្ចសហការ​ពី​ម្ចាស់​ភោជនីយដ្ឋាន ក៏​ដូច​ម្ចាស់​ទីតាំង​ដទៃទៀត ដោយ​សន្តិវិធី និង​ផ្អែកលើ​ផ្លូវច្បាប់​។​
​គម្រោង​ស្ថាបនា​លំហ​សាធារណៈ ផ្លូវ​ថ្មើរជើង​តាម​មាត់ទន្លេ​នេះ គឺជា​ការប្តេជ្ញាចិត្ត​ថ្មី​មួយទៀត របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​កែលម្អ​សោភ័ណភាព​បរិស្ថាន បង្កើន​លំហ​សាធារណៈ និង​ក្រវ៉ាត់​បៃតង សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ ស្រប​ពេលដែល​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្កេ​ម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣​។​
​លោក​អភិបាល​រាជធានី​បានលើកឡើង​ពី​ការបង្កើន​សមត្ថកិច្ច​ទ​ទួល​ខុសត្រូវ រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អង្គភាព​កំពង់ផែ​ភ្នំពេញ ទាំង​ទីតាំង និង​ទិន្នន័យ​នៃ​ផលប៉ះពាល់ គឺ​ត្រូវ​ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​មិនមាន ១, ២ ទៀត​ទេ​។​
​សូមបញ្ជាក់ថា លំហ​សាធារណៈ សួនច្បារ និង​ផ្លូវ​ថ្មើរជើង​នេះ គ្រោង​ស្ថាបនា​ពី​ផ្សារ​រាត្រី​ផ្សារ​ចាស់ ដល់​ស្ពាន​ជ្រោយចង្វារ ប្រប​តាម​មាត់ទន្លេ មាន​ប្រវែង​១,៦៤០​ម៉ែត្រ ហើយ​គម្រោង​នេះ គឺជា​គម្រោង​ថ្មី​បន្ទាប់ពី​គម្រោង​ស្ថាបនា​ផ្លូវ​ថ្មើរជើង និង​ច្រាំងទន្លេ ដែល​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ថាបនា​រួច​ចាប់ពី​បញ្ជរ​ទេសចរ​ជាប់​សាលសន្និសីទ​ចតុមុខ ដល់​កំពង់ចម្លង​ដរ​អរិយ​ក្សត្រ៕

fn-2017-02-01-17-27-11-1