យោងតាមវេបសាយដេលីមែល កាលពីថ្ងៃទី ៤ ខែកុម្ភៈ បុរសម្នាក់ ដែលប្រពន្ធខ្លួនត្រូវបានក្រពើទម្ងន់ ៥៩០ គីឡូក្រាមទាញយកទៅបាត់នោះ បានធ្វើការសងសឹកសត្វកំណាចនេះដោយចាក់វាជាមួយនឹងស្នមានបន្លាដែក ក្នុងការប្រយុទ្ធស្លាប់រស់មួយ។
អ្នកជិតខាងបានសាទរលោក មូបារ៉ាក់ បាតាមប៊ូសេ (Mubarak Batambuze) ជាវីរៈបុរសដោយសារលោកបានសម្លាប់ក្រពើប្រវែង ៧,៦២ ម៉ែត្រ ដែលកញ្ឆក់យកប្រពន្ធរបស់គាត់ឈ្មោះ ឌីមេទ្រីយ៉ា ណាប៊ីរ៉េ (Demeteriya Nabire) ខណៈលោកស្រីទៅដងទឹកពីបឹងជាមួយមិត្តភក្តិ។
បុរសជាប្តីអាយុ ៥០ ឆ្នាំរូបនេះបានចំណាយពេល ១ ម៉ោងកន្លះក្នុងការប្រយុទ្ធស៊ីសាច់ហុតឈាមជាមួយនឹងសត្វកាចសាហាវមួយ ក្បាលនេះ និងទទួលបានជ័យជម្នះដោយសារតែអាវុធពិសេសមួយ ដែលគាត់បានធ្វើឡើងយ៉ាងពិសេសសម្រាប់ការប្រយុទ្ធនេះ។
លោកបាននិយាយថា “ខ្ញុំមានការភិតភ័យខ្លាំងណាស់ប៉ុន្តែអ្វីដែលជួយខ្ញុំជោគជ័យគឺស្ន ពិសេសនេះ”។ លោកបាតាមប៊ូសេ ដែលជាអ្នកនេសាទ មានអារម្មណ៍ស្លុតចិត្ត និងអស់កម្លាំងកំហែងរលីង បន្ទាប់ពីការស្លាប់របស់ប្រពន្ធគាត់កាលពីបួនខែមុន។ លោកស្រីកាលនោះមានផ្ទៃពោះ ៨ ខែ នៅពេលគាត់ត្រូវក្រពើអូសទៅបាត់ ដោយពុំបន្សល់អ្វីមួយសម្រាប់ឲ្យលោកចងចាំប្រពន្ធជាទីស្រឡាញ់បន្តិច សោះ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ក្រពើនេះត្រូវគេសង្ស័យស៊ីស្ត្រី និងកុមារ ៦ នាក់ ដែលបានទៅដងទឹកនៅកន្លែងដូចគ្នា នៅមាត់បឹង Kyoga របស់អ៊ូហ្គង់ដា ប៉ុន្តែអ្នកស្រុកពុំអាចធ្វើអ្វីបានទាំងអស់៕