ខេត្តក្រចេះ៖ សមត្ថកិច្ចជំនាញនៅខេត្តក្រចេះ ហាក់ដូចជានៅមិនទាន់មានចំណាត់លើវិធាន ការបង្ក្រាបក្បួនរថយន្តសាំយ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យនៅឡើយទេ បើទោះបីក្បួនរថយន្តដឹកឈើខុសច្បាប់ទាំងនោះ ជារៀងរាល់យប់នៅតែបន្តដឹកជញ្ជូនក្នុងមួយយប់ៗមិនក្រោមពី៤០ទៅ៥០គ្រឿង ថែមទាំងបង្កគ្រោះថ្នាក់ចរាចណ៍តាមដងផ្លូវជាញឹកញ៉ាប់យ៉ាងណាក្តី។
ប្រភពពត៍មាន បានឲ្យដឹងថា ការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងពីក្រុមឈ្មួញដែលគេស្គាល់ថា សុទ្ឋ សឹងរស់នៅខេត្តត្បូងឃ្មុំ បានមកប្រកបរបររកស៊ីដឹកឈើខុសច្បាប់ចេញពីព្រំប្រទល់ក្រចេះ_ស្ទឹងត្រែងឆ្លងកាត់ស្រុកសំបូរ ខេត្តក្រចេះ នាំឆ្ពោះទៅលក់នៅខេត្តព្រៃវែង និងខេត្តកំពង់ចាមនោះ គឺនៅតែមានការដឹកជញ្ជូនជាក្បួនយ៉ាងអាណាធិបតេយ្យបើកប្រដេញគ្នាប្រសាចពេញផ្លូវដូចក្នុងរឿងចិនមិនក្រោមពី៥០ទេក្នុង១យប់ៗ មិនត្រឹមតែប៉ុណ្ណោះថែមទាំងបង្កគ្រោះថ្នាក់ជាញឹកញ៉ាប់ដល់អ្នកធ្វើដំណើរនិងពលរដ្ឋរស់នៅក្បែរចិញ្ចើមផ្លូវជាញឹកញ៉ាប់ទៀតផង។
ក្រៅពីហេតុការរថយន្តសាំយ៉ុងដឹកឈើបុកចូលផ្ទះប្រជាពលរដ្ឋ បង្កឲ្យគ្រោះថ្នាក់ម្ចាស់ផ្ទះទាំងមិនដឹងខ្លួន បើកក្រឡាប់ដោយខ្លួនឯងបង្កឲ្យអ្នកដ៍ទៃរងគ្រោះថ្នាក់ និងការបើកបុកកៀរលើរថយន្តសមត្ថកិច្ចនៅក្បែរចិញ្ចើមផ្លូវបង្កឲ្យខូចខាតដោយមិនមានអ្នកទទួលខុសត្រូវនោះ ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៧ មានរថយន្តសាំយ៉ុងដឹកឈើ ១គ្រឿង បានបើកបុកស្ពានពាមទេជាប់នឹងចំរឹងដៃស្ពានទៅមុខលែងរួចស្ថិតក្នុងភូមិរការកណ្តាលក្រុងក្រចេះ ខេត្តក្រចេះ ។
លោក ប៊ួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងនៅរសៀលថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៧ នេះថា លោកនឹងមានវិធានការបង្ក្រាបលើក្រុមរថយន្តទាំងនោះ គឺទាល់តែមានការជួយសហការពីកងកម្លាំងប្រដាប់អាវុធជាមួយនិងរដ្ឋបាលព្រៃឈើ ពិសេស គឺនគរបាលចរាចរណ៍តែម្តង ទើបអាចចំណាត់ការទៅបានជោគជ័យ៕