បញ្ជា​ថ្មី​របស់​ប្រធានាធិបតី​ហ្វីលីពីន​នៅក្នុង​សង្គ្រាម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 February, 2017 ក+ ក-

ម៉ានីល​៖​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តើ​តេ នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា លោក​មានបំណង​ចេញ​បទបញ្ជា​ថ្មី​មួយ​សំដៅ​អនុញ្ញាតឱ្យ​យោធា​ហ្វីលីពីន​អាច​ចូលរួម​នៅក្នុង​សង្គ្រាម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Channel News Asia​។​
​ការ​ថ្លែង​បែបនេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​បាន​បញ្ជា​ឲ្យ​ស្ថាប័ន​ប៉ូលិស​ទាំងអស់​បញ្ឈប់​ស​ង្គ្រា​ម​ប្រឆាំង​គ្រឿងញៀន ជា​បណ្តោះអាសន្ន​ដោយសារតែ​មានការ​ចោទប្រកាន់​ពី​អំពើពុករលួយ​ផ្ទៃក្នុង​នៃ​ស្ថាប័ន​នេះ ដែល​បាននិងកំពុង​រីក​រាល​ដា​កាន់តែខ្លាំង​។​
​លោក ឌូ​តើ​តេ បាន​ចាត់ទុកថា គ្រឿងញៀន​បាន​នឹង​កំពុង​គំរាមកំហែង​ដ៏​ធំ​ដល់​សន្តិសុខ​ជាតិ ហើយ​ទន្ទឹមគ្នា​នោះ​លោក​បានបញ្ជាក់​ឡើងវិញ​ថា លោក​មិនចាំបាច់​ត្រូវដាក់​ចេញ​នូវ​ច្បាប់អាជ្ញាសឹក​នោះទេ បើទោះជា​លោក​ធ្លាប់បាន​បង្ហាញ​ពី​ចេតនា​ប្រកាស​ឱ្យប្រើ​ច្បាប់​នេះ​ជា​ច្រើ​ង​ដង​ក៏ដោយ​។
​គួរ​បញ្ជាក់ថា បទបញ្ជា​របស់លោក ឌូ​តើ​តេ ខាងលើនេះ​បានកើត​ឡើង បន្ទាប់ពី​មានការ​ចោទប្រកាន់ថា មន្ត្រីប៉ូលិស​មួយចំនួន​បាន​ឆ្លៀតឱកាស​ពី​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដ៏​ក្តៅគគុក ដើម្បី​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខ្លួនឯង រួច​ឈានទៅដល់​ការប្រព្រឹត្ត​អំពើ​សម្លាប់​រង្គាល ចាប់ជំរិត ឆក់​ប្លន់​ជាដើម​៕

fn-2017-02-02-21-11-37-0