ឡើង​ភ្នំ​ដើរ​ជីក​គល់ឈើ​បេង​ប៉ះចំ​មីន​ផ្ទុះ​ស្លាប់​០២​នាក់ ​របួស​០២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 February, 2017 ក+ ក-

ខេត្តឧត្ដរមានជ័យ​៖​មេ​បញ្ជា​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ លោក​វរសេនីយ៍ទោ ស៊ុន បូរ៉ាន់ បានឱ្យដឹងថា មនុស្ស​២​នាក់ បាន​ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ ខណៈដែល​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ខណៈដែល​នាំគ្នា​ទៅ​ជីក​គល់ឈើ​បេង​ហើយ​ប៉ះចំ​មីន​ផ្ទុះ​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​៤ និង​៥៧​នាទី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ខាងក្រោយ​ខ្សាច់ ត្រង់​ចង្កេះភ្នំ​ដងរែក ក្នុងភូមិ​ចា​ថ្មី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​លោក​មេ​បញ្ជា​បន្តថា ករណី​ផ្ទុះ​មីន​ដែល​នៅសល់​ពី​សម័យ​សង្គ្រាម​បាន​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ២​នាក់ បាន​ស្លាប់ ទី​១. ឈ្មោះ ឆាយ បឿន ភេទ​ប្រុស អាយុ​៦៥ ឆ្នាំ និង​ទី​២.​ឈ្មោះ ប៉េង ស៊ីម ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ត្រូវជា​កូន​មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ចំណែក​ប្រជាពលរដ្ឋ​២​នាក់​ទៀត បាន​រងរបួស​ស្រាល ឈ្មោះ រស់ ភាន ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ ត្រូវរបួស ដៃ​ទាំងសងខាង និង​ម្នាក់ទៀត​ឈ្មោះ ឈិន ប៊ុនធឿន ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ត្រូវ​ប្រអប់​ជើងឆ្វេង ដែល​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ត្រពាំង​ប្រាសាទ​៕

IMG-20170203-WA0022IMG-20170202-WA0163