ពលរដ្ឋ​រិះគន់​ការដោះលែង​ស្ត្រី​ស្រវឹង​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ចរាចរណ៍​ផ្លូវគោក បានធ្វើការ​ដោះលែង​ស្ត្រី​ឈ្មោះ ពៅ សុ​បញ្ញា​ណា​ផា ដែល​ស្រវឹងស្រា​បើករថយន្ត​ម៉ាក ហាយ​ឡេ​ន​ឌឺ បុក​អ្នកជិះ​ម៉ូតូ​២​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រួច​ជ្រុល​ទៅបុក​ផ្ទះ​អ្នកស្រុក និង​បន្ត​បុក​រថយន្ត​លុ​ច្ស​ស៊ី​ស​មួយគ្រឿង​ទៀត​នោះ ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ដោយសារតែ​ស្ត្រី​ជា​ជនបង្ក បាន​សង​សំណង​ទៅឱ្យ​ជនរងគ្រោះ ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោគ​រាជធានី​ភ្នំពេញ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ។​
​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​និង​ក្រុមអ្នកច្បាប់​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច ព្រោះថា តាមច្បាប់​ស្ត្រី​រូបនោះ​នៅជាប់​បណ្តឹងអាជ្ញា​បន្តទៀត បើទោះជា​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​ក៏ដោយចុះ ។​
​សូម​រំលឹកថា កាលពី​វេលា​ម៉ោង​១២ និង​៣៥​នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​នៅ​ចំណុច​មុខផ្ទះ​លេខ​២០៧ ស្ថិត​លើផ្លូវ​បេតុង​វត្ត​អង្គ​តា​មិញ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក ហាយ​ឡេ​ន​ឌឺ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-8963 បើកបរ​ដោយ​ស្ត្រី​ស្រវឹងស្រា​ឈ្មោះ ពៅ សុ​បញ្ញា​ណា​ផា អាយុ​២២​ឆ្នាំ ធ្វើកា​ក្នុង​ប្រ​លាន​យន្តហោះ​ពោធិ៍ចិនតុង ទីលំនៅ​ផ្លូវ​១១០ ផ្ទះ​លេខ​៤៦Eo ក្រុម​៥​ផ្សារ​ដេប៉ូ​៣
​ខណ្ឌទួលគោក​។​
​ហេតុការណ៍​នោះ រថយន្ត​ជនបង្ក បាន​បុក​ម៉ូតូ​មួយគ្រឿង​បណ្តាលឱ្យ​បុរស​២​នាក់ រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ក្រោយពី​បុក​ម៉ូតូ​រួច​រថយន្ត​ជនបង្ក បាន​ជ្រុល​ទៅបុក​ចូល​ផ្ទះ​អ្នកស្រុក រហូត​បាក់​ទ្វារ និង​បុក​រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង របស់​ម្ចាស់ផ្ទះ​រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ​។​
​យោងតាម​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ថ្មី​ត្រង់​មាត្រា​៨៣ ចំណុច “​ខ​” និង​ចំណុច “​គ​” បាន​ចែងថា ជន​ណា​បើកបរ​ដោយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ដោយមាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី ០,៤០ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០ ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ និង​បណ្តាលឱ្យមាន​របួស​មនុស្ស​ច្រើន​នាក់ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១៥​លាន​រៀល ប៉ុន្តែ​អ្វីដែល​ចម្លែក​នោះ គឺ​ស្ត្រី​បង្កហេតុ​បាន​រួច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ងាយ​បំផុត ដោយ​គ្រាន់តែ​មានការ​អះអាងថា បាន​សង​សំណង​ដល់​ជនរងគ្រោះ តែប៉ុណ្ណោះ ។​
​គេ​មិនដឹងថា តើ​ការសម្រេច​ឲ្យ​ជនបង្ក​មាន​សេរីភាព​ឡើងវិញ ដោយ​មិន​បានទទួល​ទោសទណ្ឌ​នោះ សមត្ថកិច្ច​នគរបាល​បាន​ផ្អែកលើ​ច្បាប់​ណាមួយ​នោះទេ ។ ប៉ុន្តែ​ភ្នំពេញ​ថ្មី បាននិងកំពុង​ព្យាយាម​ទំនាក់ទំនង​លោក ចេ​វ ហាក់ ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោគ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សួរ​បញ្ជាក់​អំពី​បញ្ហា​ខាងលើនេះ ៕

02_03_2017_08_54_01photo6098211669323917234photo6098211669323917233