កូរ៉េខាងត្បូង៖អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន៤នាក់បានស្លាប់ ហើយជាង ៤០នាក់ទៀត បានរងរបួសបន្ទាប់ពីហេតុការណ៍ភ្លើងឆេះផ្សារទំនើបមួយកន្លែងនៅកូរ៉េខាងត្បូងកាលពីម្សិលមិញ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ប៉ូលិសកូរ៉េបានដាក់សង្ស័យថា អគ្គិភ័យនេះកើតចេញពីដែកបញ្ឆេះភ្លើង ដែលអាចចាប់ផ្ដើមឆាបឆេះ នៅកន្លែងក្មេងលេងមួយ ស្ថិតក្នុងផ្សារ Metapolis នៅសង្កាត់ Dongtan ស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូល។ ប៉ូលិសបញ្ជាក់ថា មនុស្ស២នាក់ក្នុងចំណោមអ្នកស្លាប់៤នាក់ គឺជាជាងសាងសង់ ហើយអ្នកដទៃទៀត គឺជាកម្មករនៅក្នុងផ្សារ និងជាម្នាក់ទៀតជាអតិថិជន។ អ្នករងរបួសភាគច្រើន បានលើកឡើងពីការឈ្លក់ផ្សែង។
ជាមួយគ្នានេះអាជ្ញាធរពន្លត់អគ្គិភ័យបានជំរុញទៅជាងសាងសង់ ឲ្យធ្វើតាមបទប្បញ្ញត្តិសុវត្ថិភាព ដោយកត់សម្គាល់ថា ដែកបញ្ឆេះភ្លើងនោះ គឺជាដើមចមនៃការឆាបឆេះនេះ៕