តួកគី៖ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំរយៈមួយខែក្រោយភេរវកម្មប្រឆាំងនឹងរង្គសាល Reina នៅទីក្រុងអ៊ីស្តង់ប៊ូលប៉ូលិសតួកគីចាប់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធនឹងចលនាជីហាតរដ្ឋអ៊ីស្លាមយ៉ាងហោចណាស់ ៤០០នាក់ ក្នុងក្របខ័ណ្ឌយុទ្ធនាការកម្ចាត់ជនជីហាតទូទាំងប្រទេស។
អាជ្ញាធរតួកគីមិនបានបញ្ជាក់ទេថាតើជនសង្ស័យចាប់ខ្លួនបាន យកទៅឃុំឃាំងនេះ មានជាប់ពាក់ព័ន្ធនឹងភេរវកម្ម ក្នុងថ្ងៃឆ្លងចូលឆ្នាំថ្មីឆ្នាំសកល នៅក្រុងអង់ការ៉ា ឬក៏អត់ទេ។ ប៉ុន្តែអ្វីដែលប្រាកដ គឺតួកគីបានបើកប្រតិបត្តិការដ៏ធំសម្បើមមួយទូទាំងប្រទេស ប្រឆាំងនឹងសកម្មជនជាប់សង្ស័យមានទំនាក់ទំនងជាមួយអង្គការរដ្ឋអ៊ីស្លាម។
ប្រតិបត្តិការនេះបានប្រើកម្លាំងប៉ូលិសជាច្រើនរយនាក់ ឬជិតដល់ពាន់នាក់ នៅព្រឹកមិញ ក្នុងក្រុងចំនួនយ៉ាង១៥ រាប់ទាំងអង់ការ៉ា និងអ៊ីស្តង់ប៊ូលផង។ នៅក្នុងចំណោមជនសង្ស័យចាប់ខ្លួន មានជាច្រើននាក់ជាជនបរទេស មានជាអាទិ៍ជនជាតិស៊ីរី។
ក្រៅអំពីចាប់ខ្លួនមនុស្ស ប៉ូលិសតួកគីបានរឹបអូសវត្ថុតាងជាច្រើន ដូចជាកុំព្យូទ័រ ឯកសារ និងសម្ភារៈសម្រាប់ឃោសនាមនោគមន៍ជីហាតរដ្ឋអ៊ីស្លាមជាច្រើនទៀត។ នៅក្រុង Izmir ប៉ូលិសបានរកឃើញអាវុធ ជាច្រើនដើមក្នុងដៃពួកអ៊ីស្លាមជ្រុលនិយមជីហាតមួយក្រុម ដែលទំនងកំពុងត្រៀមរៀបចំផែនការភេរវកម្ម។ នេះបើតាមប្រភពសារព័ត៌មានតួកគី៕