អាមេរិក៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជ្រើសតាំងលោក Terry Branstad ធ្វើជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា លោកនឹងជួយបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរស្របពេលមានក្តីព្រួយបារម្ភជុំវិញកិច្ចពិភាក្សាគាំពារនិយមពីរដ្ឋការថ្មីរបស់សហរដ្ឋអាមេរិក។
លោក Trump បានងើបឡើងប្រឆាំងនឹងការធ្វើពាណិជ្ជកម្មរបស់ចិនដោយបានស្តីបន្ទោសពួកគេសម្រាប់ការបាត់បង់ការងាររបស់សហរដ្ឋអាមេរិកនិងបានគំរាមដាក់ទណ្ឌកម្មពន្ធនាំចូលលើការនាំចូលរបស់ប្រទេសចិន។
រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងធ្វើការជាមួយក្រុងវ៉ាស៊ីនតោនដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មណាមួយប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្រមានពីការសងសឹកប្រសិនបើលោក Trump ចាត់វិធានការដំបូងឆ្ពោះទៅរកសង្គ្រាមពាណិជ្ជកម្ម។
លោក Branstad ដែលបច្ចុប្បន្នជាអភិបាលរដ្ឋ Iowa បាននិយាយថា លោកនឹងជួយដោះស្រាយការខ្វែងគំនិតគ្នាហើយថា មានសក្តានុពលយ៉ាងសម្បើមសម្រាប់ការវិនិយោគរបស់ចិនបន្ថែមទៀតនៅក្នុងសហរដ្ឋអាមេរិក។
លោក Branstad បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ប្រទេសចិនក្នុងបទសម្ភាសមួយនៅសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “យើងចង់បន្តពង្រីកទំនាក់ទំនងនិងបង្កើនពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ”។
ស៊ីនហួរបានដកស្រង់សំដីរបស់លោក Branstad ដែលបាននិយាយថា “ខ្ញុំសង្ឃឹមថា ខ្ញុំអាចដើរតួនាទីស្ថាបនាដើម្បីដោះស្រាយភាពខុសគ្នាជាច្រើនទាំងនេះនៅក្នុងវិធីឈ្នះឈ្នះ។ វាគឺមានអត្ថប្រយោជន៍ដល់ប្រទេសយើងទាំងពីរនិងផ្ដល់ផលប្រយោជន៍ដល់ប្រទេសផ្សេងទៀតលើពិភពលោក”។
គួរបញ្ជាក់ថា លោក Branstad គឺជាអភិបាលដ៏យូរអង្វែងខាងគណបក្សសាធារណរដ្ឋមួយរូបដែលបានអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រធានាធិបតីចិនលោក Xi Jinping និងថ្នាក់ដឹកនាំចិនដទៃទៀត៕