ខេត្តសៀមរាប៖រថយន្តកាមរីមួយគ្រឿងបានបើកក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យស្លាប់លោកតាអាយុ៧០ឆ្នាំម្នាក់ ដោយដាច់ខ្លួនជា២កំណាត់ ដែលគួរឲ្យរន្ធត់និងអាណោចអធម បំផុត ។ ចំណែកស្ត្រីម្នាក់ទៀតក៏បានស្លាប់នៅនឹងកន្លែងកើតហេតុផងដែរ ។ ចំណែករថយន្តបង្កបានធ្លាក់ទៅម្ខាងផ្លូវក្រឡាប់ផ្ងាជើងឡើងលើ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០៧ កុម្ភៈ ស្ថិតនៅចំណុចខាងកើតស្ពានពោធិ៍ចម្ងាយ១០០ម៉ែត្រពីផ្លូវជាតិលេខ៦ ក្នុងភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ។
ជនរងគ្រោះដែលស្លាប់ទាំង២នាក់ម្នាក់ឈ្មោះ ប៉ែន យ៉ាត់ ភេទប្រុស អាយុ៧០ឆ្នាំ ជាអ្នកឌុប (ស្លាប់ដាច់ខ្លួនជា២កំណាត់) និងអ្នករួមដំណើរឈ្មោះ អ៊ិន សារូ ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង(ស្លាប់) នៅកន្លែងកើតហេតុ ។ រីឯអ្នកបើកបររថយន្តបង្កបានរត់បាត់ស្រមោល៕