រាជធានីភ្នំពេញ៖ប្រធានក្រុមបច្ចេកទេសស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្ត តំណាងសហគមន៍បឹងកក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះ ដើម្បីឲ្យចូលខ្លួនបំភ្លឺក្នុងនាមជា «ជនសង្ស័យ» ពីបទបង្កហិង្សាដោយចេតនាប្រព្រឹត្តកាលពីថ្ងៃទី ១០ ខែតុលាឆ្នាំមុននៅរាជធានីភ្នំពេញ ។ ការកោះហៅនោះគឺយោងតាមបណ្តឹងរបស់សន្តិសុខខ័ណ្ឌដូនពេញ២រូប ដែលត្រូវបាតុករវាយឲ្យរងរបួសធ្ងន់ធ្ងរអំឡុងផ្ទុះបាតុកម្មដឹកនាំដោយបក្សប្រឆាំង ។
យ៉ាងណាក៏ដោយលោកស្រី ណាលី ពីឡូក នាយករងផ្នែកតស៊ូមតិនៃអង្គការលីកាដូបានថ្លែងអះអាងប្រាប់អ្នកសារព័ត៌មានថា៖ «លោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្ដ គឺជាជនរងគ្រោះនៃការវាយដំដោយគ្មានហេតុផលនោះ ។ លោកស្រីបញ្ជាក់ថា ករណីនេះគួរឲ្យហួសចិត្តដោយហេតុថាបណ្ដឹងលើអ្នកទាំងពីរមិនគួរត្រូវបានយកមកពិចារណាដើម្បីស៊ើបអង្កេតនោះទេ៕