ខេត្តស្ទឹងត្រែង៖កម្លាំងការិយាល័យ «ក៩» នៃមន្ទីរប្រឆាំគ្រឿងញៀនក្រសួងមហាផ្ទៃបានឃាត់ខ្លួនជន សង្ស័យម្នាក់ដែលជាមេខ្លោងជួញដូរគ្រឿងញៀនដ៏សកម្មប្រចាំក្រុងស្ទឹងត្រែង ដែលការឃាត់ខ្លួននេះធ្វើឡើងនៅត្រង់ចំណុចស្រែសំគង់ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹកថ្ងៃ០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈកំពុងធ្វើសកម្មភាព។
លោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានឲ្យដឹងថា មុននឹងចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនខាងលើ កម្លាំងជំនាញបានធ្វើការតាមដាន និងស៊ើបអង្កេតអស់រយៈពេលយ៉ាងយូរផងដែរ ទើបកំណត់មុខសញ្ញាបាន រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានក្នុងគ្រានេះផងដែរ។ លោកវរសេនីយ៍ឯកបានបន្តឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះ មានឈ្មឈ្មោះ ឯម សុផល អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្តាល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។
ក្រោយការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចផ្ទៀងផ្ទាត់ឃើញថា វត្ថុតាងបទល្មើសទាំងនេះជាប្រភេទមេតំ ហ្វេតាមីន(WY)ចំនួន២៤០០០គ្រាប់អាវុធខ្លីម៉ាកK៥៩ចំនួន០១ដើម រួមនិងរថយន្តម៉ាកវីហ្គោពណ៌ខ្មៅផងដែរ។ ពាក់ព័ន្ធក្នុងការចុះបង្រាបករណី ជួញដូរគ្រឿងញៀនខាងលើនេះ ផងដែរ គឺធ្វើឡើងក្រោមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ក្នុងយុទ្ធនាការបោសសំអាតបទល្មើសគ្រឿងញៀននូវរយះពេល៦ខែ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕