ភ្នំពេញ៖ ស្ត្រីម្នាក់ដែលប្តីមានតួនាទីជាឧត្តមសេនីយ៍ពាក់ផ្កាយមួយ ត្រូវកូន បំណុលឃាត់ខ្លួនប្រគល់ឲ្យនគរបាលក្រសួងមហាផ្ទៃបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ដោយចោទប្រកាន់ពីបទឆបោក (ចេញសែកអត់ទឹកប្រាក់)។
ស្ត្រីដែលជាប់ចោទពីបទចេញសែកអត់ទឹកប្រាក់មានឈ្មោះ ទ្រី គឹមលាង អាយុ៤៥ឆ្នាំ មានស្រុកកំណើត ភូមិបាក់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានប្តីឈ្មោះ ឯម សារី មានស្រុកកំណើតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹង ស្រុកកំពង់ត្រាច ខេត្តកំពត ទាំងពីរនាក់ប្តីប្រពន្ធស្នាក់នៅភូមិដំណាក់ភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
តាមសម្តីរបស់កូនបំណុលម្នាក់ក្នុងចំណោមកូនបំណុលជាច្រើននាក់ទៀត បានឲ្យដឹងថា ស្ត្រីឆបោកខាងលើនេះសំអាងលើប្តីមានតួនាទី ពាក់ផ្កាយមួយដើរឆបោកមនុស្សម្នាជាច្រើននាក់ ក្នុងម្នាក់ៗចាប់ពីជាងមួយម៉ឺនដុល្លារឡើងទៅ គឺសុទ្ធតែចេញសែកអត់មានទឹកប្រាក់ រាប់ទាំងការដើរបោកប្រាស់គេ ដូចជាដីមួយកន្លែងកែបន្លំបញ្ឆិតបញ្ឆៀងបន្តិចធ្វើប្លង់បាន២ យកទៅលក់ឲ្យមនុស្ស២នាក់ សរុបជាទឹកប្រាក់ទាំងអស់ជាង៣០ម៉ឺនដុល្លារអាមេរិក។
កូនបំណុលបានឲ្យដឹងទៀតថា ស្ត្រីឆបោកខាងលើបានដើរបោកប្រាស់គេឯង ហើយបានរួមគំនិតជាមួយអាជ្ញាធរមូលដ្ឋានក្លែងបន្លំប្លង់ដីមួយកន្លែង ធ្វើប្លង់បានដល់ទៅពីរដោយមានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋាន ត្រឹមត្រូវទើបកូនក្តីទាំងអស់ហ៊ានទិញ លុះពេលទិញហើយទៅជួបជាមួយភាគីអ្នកទិញម្នាក់ទៀតទើបដឹងការពិត។
បន្ទាប់ពីកូនបំណុលដឹងថា ចាញ់កលល្បិចរបស់ស្ត្រីឆបោកខាងលើនេះហើយកាលពីថ្ងៃទី៥ ខែកុម្ភៈ កន្លងមកនេះ បាននាំគ្នាឃាត់ខ្លួនស្ត្រីឆបោកប្រគល់ឲ្យនគរបាលក្រសួងមហាផ្ទៃ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោស តាមច្បាប់៕fpm