សម្តេច​ប៉ាប​ហ្វ្រ​ង់​ស័​រ​រិះគន់​រដ្ឋាភិបាលភូមា​រឿង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2017 ក+ ក-

​អ៊ីតាលី​៖​មុខ​សង្ឃ​កាតូលិក​សម្តេច​ប៉ាប​ហ្វ្រ​ង់​ស័​រ​បាន​បញ្ចេញ​ប្រតិកម្ម​ទិតៀន​ខ្លាំងៗ​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុង​សំណុំរឿង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​អ្នក​កាន់សាសនា​អ៊ីស្លាម​រស់ក្នុង​ទឹកដី​ភូមា ដោយ​សម្តេច​ប៉ាប​ហ្វ្រ​ង់​ស័​រ​លើកឡើងថា ពួក​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​គេ​វាយ​ធ្វើបាប​ដោយសារតែ​ពួកនេះ​ប្រាថ្នា​ចង់​រស់​នៅតាម​ទំនៀមទម្លាប់ ប្រពៃណី​សាសនា​របស់​ពួកគេ​ប៉ុណ្ណោះ​។​
​ការបញ្ចេញ​ប្រតិកម្ម​នេះ​ធ្វើឡើង​កាលពី​ម្សិលមិញ​នៅ​បុរី​វ៉ា​ទី​កង់ ប្រទេស​អ៊ីតាលី នាឱកាស​ទិវា​បន់ស្រន់​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​ដែលមាន​គ្រិស្តបរិស័ទ​ចូលរួម​ជាច្រើន​ពាន់​នាក់ និង​បន្ទាប់ពី​តុលាការក្រុង​រ៉ង់​ហ្គូ​ន​បាន​កាត់ទោស​ប៉ូលិស​ភូមា​ចំនួន ៣​នាក់​ឲ្យ​ជាប់គុក​ចំនួន ២​ខែ​ពីបទ​បាន​វាយប្រហារ​លើ​ពួក​រ៉ូ​ហ៊ីង​យ៉ា​។​
​សម្តេច​ប៉ាប​ហ្វ្រ​ង់​ស័​រ​បានលើកឡើង​ចំៗ​ថា អស់​ជាច្រើន​ឆ្នាំកន្លងមក​ហើយ​ដែល​ពួក​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​គេ​វាយ​ធ្វើបាប និង​សម្លាប់ចោល​ដោយសារតែ​ជនជាតិភាគតិច​អ្នកកា​ន់​សាសនា​អ៊ីស្លាម​មួយ​នេះ​ប្រាថ្នា​ចង់​រស់នៅ​ជាមួយនឹង​វប្បធម៌ ប្រពៃណី​សាសនា​របស់​ពួកគេ​។ ទន្ទឹម​នោះ​សម្តេច​ប៉ាប​ក៏បាន​អំពាវនាវ​ឲ្យ​បន់ស្រន់​ចំពោះ​ពលរដ្ឋ​រ៉ូ​ហ៊ីង​យ៉ា​ដែល​ត្រូវបាន​រដ្ឋអំណាច​ភូមា​បណ្តេញ​ចេញពី​ទឹកដី​ភូមា​ផងដែរ​។​
គួរ​បញ្ជាក់ថា តាម​របាយការណ៍ គិត​តាំងពី​ខែតុលា ឆ្នាំ ២០១៦ មកទល់ពេលនេះ មាន​ពួក​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ ៦៦ ០០០​នាក់​បាន​ភៀសខ្លួន​រត់​ទៅ​ជ្រកកោណ​ក្នុងប្រទេស​បង់​ក្លា​ដែ​ស និង​មាន​ប្រមាណ​ជា ២២ ០០០​នាក់​ផ្សេងទៀត​បាន​ប្តូរ​កន្លែង​រស់នៅ​ក្នុងប្រទេស​ភូមា​៕

2017-02-08t114503z_481679239_rc161aba9050_rtrmadp_3_myanmar-rohingya-pope_0