រាជធានីភ្នំពេញ៖សម្តេច ហ៊ុន សែន បានបញ្ចេញប្រតិកម្មខ្លាំង ចំពោះអ្នកនយោបាយទាំងឡាយណាដែលដើរឃោសនាថា បើពួកគេឈ្នះឆ្នោតនឹងលុបបំណុលដែលប្រជាពលរដ្ឋជំពាក់ធនាគារ ឬ មីក្រូហិរញ្ញវត្ថុទាំងអស់ ។ ទន្ទឹមនោះសម្តេចក៏បានបញ្ជារឲ្យមានការចាប់ខ្លួនអ្នកនយោបាយទាំងនោះថែមទៀត ។
សម្តេច ហ៊ុន សែន ថ្លែងថា ការឃោសនាបែបនេះ គឺជាការបោកបញ្ឆោតប្រជាពលរដ្ឋ ដើម្បីតែសន្លឹកឆ្នោតដែលត្រូវចាប់បញ្ជូនទៅតុលាការ។ សម្តេចបញ្ជាក់ថា បើថាបទល្មើសជាក់ស្តែង គឺថាចាប់នៅនឹងកន្លែងតែម្តង អ្នកឯកដើរបោកប្រាស់ធ្វើអ្វី ព្រោះវាបោកប្រាស់រាល់ថ្ងៃថា “សូមបោះឱ្យខ្ញុំទៅ ខ្ញុំឈ្នះ ខ្ញុំនឹងលុបចោលបំណុលហ្នឹង” អញ្ចឹងយើងលេងអាហ្នឹងឱ្យធ្ងន់ ចាប់ចងស្លាបសេកហើយបញ្ជូនទៅឱ្យតុលាការកាត់ទោស»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋលើកឡើងថា គណបក្សណាក៏ដោយឲ្យតែហ៊ានដោះស្រាយរឿងបំណុលដែលគាត់ជំពាក់ធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះ គាត់នឹងបោះឆ្នោតជូនភ្លាមតែម្តង៕