រាជធានីភ្នំពេញ៖អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត ដែលបាញ់ទៅលើកម្មការិនី៣នាក់ឱ្យរងរបួសនោះ បានចាកចេញពីពន្ធនាគារហើយ កាលពីម្សិលមិញ បន្ទាប់ពីអនុវត្តទោសរួចរាល់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារ។
លោក ឈូក បណ្ឌិត ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ ពីបទបាញ់ប្រហារទៅលើកម្មការិនី៣នាក់ ឱ្យរងរបួសដោយអចេតនា។ តុលាការក៏តម្រូវឲ្យអតីតអភិបាលក្រុងបាវិតរូបនេះ បង់ប្រាក់សំណង ទៅឲ្យជនរងគ្រោះទាំង៣នាក់សរុប ៣៨លានរៀលផងដែរ។
យ៉ាងណាក៏ដោយ លោក ឈូក បណ្ឌិត បានរត់គេចខ្លួនពីការតាមចាប់ របស់សមត្ថកិច្ចអស់ពេល៣ឆ្នាំ ហើយបានប្រគល់ខ្លួនឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់មកសមត្ថកិច្ចបញ្ជូនភ្លាមៗ ទៅកាន់តុលាការ ។
មជ្ឈដ្ឋានទូទៅនៅតែធ្វើការរិះគន់យ៉ាងចាស់ដៃអំពីករណីលោក ឈូកបណ្ឌិតនេះ ខណដែលគេថា លោក ឈូក បណ្ឌិត មិនបានជាប់ឃុំ ហើយអនុវត្តទោសដូចករណីទណ្ឌិតដទៃទៀតនោះទេ ។ ប៉ុន្តែទណ្ឌិតរូបនេះមានតែឈ្មោះនៅក្នុងគុគប៉ុណ្ណោះ ព្រោះមានអ្នកដឹកនឹងធ្លាប់ជួបលោក ឈូក បណ្ឌិត នៅខាងក្រៅពន្ធនាគារជាបន្តបន្ទាប់អំឡុងពេលនៃការអនុវត្តទោសក្នុងពន្ធនាគារនោះ ៕