ភ្នំពេញ៖ លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ដែលមានជំងឺ ស្ទះសរសៃឈាមខួរក្បាលខាងឆ្វេង កំពុងបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យ លី ស្រីវីណា ជិតផ្សារទួលទំពូង ដែលជាមន្ទីរពេទ្យរបស់លោកស្រី លី ស្រីវីណា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក ត្រូវបាន បញ្ជូនត្រឡប់មកពីប្រទេសសិង្ហបុរីវិញ កាលពីថ្ងៃ ទី៥ខែកុម្ភៈ ឆ្នាំ២០១៥។
លោក មុត ចន្ថា មន្ត្រីខុទ្ទកាល័យរបស់ លោក កឹម សុខា អនុប្រធានទី១រដ្ឋសភាបានឲ្យដឹងថាថ្លៃព្យាបាលជំងឺរបស់ លោក ប៉ែន សុវណ្ណ នៅមន្ទីរពេទ្យ លី ស្រីវីណា គឺគណបក្សជាអ្នកធានារ៉ាប់រង។
លោកថា ក្នុងនោះក៏មានជំនួយសប្បុរសធម៌ របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសផងដែរ ហើយក៏មានប្រាក់ បដិភាគមួយចំនួនតូចពីសភា។
បើតាមលោក មុត ចន្ថា រហូតមកដល់ពេលនេះ ស្ថានភាពសុខភាព របស់លោក ប៉ែន សុវណ្ណ មានភាពប្រសើរឡើង ពោលគឺអាចស្ដាប់បាន និងស្គាល់ ប៉ុន្តែនៅមិនទាន់និយាយបានទេ។ ចំណែកឯអវៈយវៈផ្សេងទៀតរួមមាន បេះដូង ថ្លើម និង សួត ដំណើរការជាធម្មតា។
លោកបញ្ជាក់ថា លោក ប៉ែន សុវណ្ណ មានជំងឺស្ទះសរសៃឈាមខួរក្បាលខាងឆ្វេង។ អំឡុងពេលលោក ប៉ែន សុវណ្ណ សម្រាកព្យាបាលជំងឺនៅប្រទេសសិង្ហបុរី បានចំណាយថវិកា ប្រមាណ ជិត១០ ម៉ឺនដុល្លារអាមេរិក៕