ខេត្តស្ទឹងត្រែង៖រថយន្តសាំយ៉ុងតទ្រុង២គ្រឿងដែលតែងតែដឹកឈើប្រភេទលេខ២ជារៀងរាល់ថ្ងៃក្នុងគោលបំណងយកទៅលក់នៅទីផ្សារនៃខេត្តគោលដៅត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសៀមបូកបង្ក្រាបបាន ខណៈកំពុងដឹកជញ្ជូនឈើលើដងផ្លូវដីក្រួសសក្រហមកាលពីវេលាម៉ោង១០ និ១៥ព្រឹកថ្ងៃ១០កុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
លោកអនុសេនីយ៍ឯក ហេង ណាន មេបញ្ជាការស្តីទីស្រុកសៀមបូកបានអោយដឹងថា រថយន្តខាងលើនេះគឺតែងតែលួចដឹកឈើជារៀងរាល់ថ្ងៃ ហើយបើកបរក្នុងល្បឿនលឿនមិនដែលគិតខ្លាចប៉ះពាល់ទៅលើប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ។ លោកបន្តថា ដោយមានបទបញ្ជារពីលោកមេបញ្ជារកងរាជអាវុធហត្ថខេត្តពីបង្ការ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ លោកបានដឹកនាំកម្លាំងស្រុកចុះបង្ក្រាបបានតែម្តង។
លោកបញ្ជាក់ថា រថយន្តដឹកឈើដែលកម្លាំងលោកបង្ក្រាបបាននោះជារថយន្តប្រភេទសាំយ៉ុងតទ្រុងចំនួន២គ្រឿង។ រថយន្តទី១ម៉ាកសាំយ៉ុងពណ៌សំបកឪឡឹកពាក់ស្លាកលេខ២D៣៦៩៣បើកកបរដោយឈ្មោះ អាត់ សុចាន់ ភេទប្រុស អាយុ៣១ឆ្នាំ ខ្មែរ មុខរបរលក់ឥវ៉ាន់ចាប់ហួយរស់នៅភូមិបាយ៉ាប ឃុំស៊ាឃ៊ាង ស្រុកកំចាយមា ខេត្តព្រៃវែង ដឹកឈើក្តារកកោះ១៥សន្លឹកប្រវែង៦ម៉ែត្រ និងឈើទាល១៦ដើមស្មើ០,៦៥៤ម៉ែត្រ។ រថយន្តទី២ម៉ាកសាំយ៉ុង ពណ៌ខៀវទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២F5075បើកបរដោយឈ្មោះ សុន សូត្រ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរដើរលក់ឥវ៉ាន់ចាប់ហួយរស់នៅភូមិឃុំជាមួយគ្នាដឹកក្តារកកោះ១១សន្លឹក និងសរសរផ្ជឹក១ដើមស្មើ០,២២០ម៉ែត្រគូប សរុបមានចំនួន០,៨៧៤ម៉ែត្រគូប។
ក្រោយពីបង្ក្រាបរួចមកកម្លាំងបាននាំយករថយន្តដឹកឈើ និងជនសង្ស័យប្រគល់ទៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ចាត់ការបន្តតាមនីតិវិធីច្បាប់ស្ដីពីព្រៃឈើ៕