បេក្ខភាព​ប្រធានាធិបតី​បារាំង​ត្រូវ​បង្ខំ​ឲ្យ​ដកខ្លួន​ព្រោះរឿងអាស្រូវ​ភរិយា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2017 ក+ ក-

​ប៉ារីស​៖​បេក្ខភាព​ប្រធានាធិបតី​បារាំង​ដ៏​មាន​ប្រជាប្រិយ​លោក Francoi Fillon ត្រូវបាន​បង្ខំ​ដកខ្លួន​ចេញពី​ការប្រកួត បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​មួយ​ពាក់ព័ន្ធ​នឹង​ការងារ​ក្លែងក្លាយ​របស់​ភរិយា ខណៈ​ការបោះឆ្នោត កាន់​ខែ​ខិតជិត​ចូលមក​ដល់​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​សារព័ត៌មាន​ដដែល​បន្តថា អ្នកបោះឆ្នោត​ភាគច្រើន​មានបំណង​ចង់​ឲ្យ​បេក្ខភាព​ប្រធានាធិបតី​រូបនេះ​ដកខ្លួន​ចេញពី​ការប្រកួត គ្រា​ដែល​រឿងអាស្រូវ​បាននិងកំពុង​ជះឥទ្ធិពល​អាក្រក់​ដល់​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​រូបនេះ​ផងដែរ​។​
​ទោះបីយ៉ាងណា​លោក Francoi Fillon បានចេញ​មុខ​សូម​អភ័យទោស​ពី​សំណាក់​ជនរួមជាតិ​បារាំង ចំពោះ​របៀប​ដែល​ថវិកា​រាប់សែន​យូរ៉ូ​របស់​អ្នក​បង់ពន្ធ​ប្រាក់​ទាំងអស់ ត្រូវបាន​ចំណាយ​ទៅ​ឲ្យ​ភរិយា​របស់លោក ប៉ុន្តែ​លោក Fillon បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់ថា វា​បណ្តាលមកពី​ការងារ​ជា​ជំនួយការ​នៅក្នុង​សភាជាតិ​បារាំង​របស់​ភរិយា​លោក ក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លងមកនេះ គឺជា​រឿង​មិន​ពិត​ឡើយ​នោះ​។​
​ជាមួយគ្នានេះ​លោក Francoi Fillon បាន​ប្តេជ្ញា​ថា​នឹង​នៅតែ​បន្ត​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ត​ទៅមុខទៀត ទោះបីជា​រូបលោក​បាន​របូត​ពី​តំណែង​ជា​បេក្ខភាព​ដែលមាន​ប្រជាប្រិយភាព​ជាងគេ​នោះ និង​កំពុងតែ​ប្រឈមមុខ​នឹង​ការស៊ើបអង្កេត​ជា​ផ្លូវការ​មួយ​ជុំវិញ​រឿងអាស្រូវ​នេះ​យ៉ាងណាក្តី​។​
គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ប្រ​ធានា​ធីប​តី​បារាំង​នឹង​ប្រព្រឹត្ត​ទៅក្នុង​ខែមេសា ឆ្នាំ​២០១៧​ខាងមុខនេះ​៕

fn-2017-02-10-17-20-35-0