អាមេរិក៖ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា សហរដ្ឋអាមេរិកបានបញ្ចូលឈ្មោះអ្នកនយោបាយជើងដែលអនុប្រធានាធិបតីនៃប្រទេសវេណេហ្ស៊ូអេឡា លោក Tareck El Aissami ទៅក្នុងបញ្ជីឈ្មោះ “ស្ដេចគ្រឿងញៀន” ។
ក្រសួងរតនាគារអាមេរិក បានចោទលោក Aissami ថា បានសម្របសម្រួល ការពារ និងគ្រប់គ្រងលើការដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំពីប្រទេសវេណេហ្ស៊ូអេឡូ ឆ្លងកាត់ប្រទេសម៉ិកស៊ិក និងចូលទៅអាមេរិក នៅពេលលោកកាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃ និងអភិបាលរដ្ឋ Aragua។
ជាមួយគ្នានេះក្រសួងរតនាគារអាមេរិក បានសម្រេចបង្កកទ្រព្យសម្បត្តិនៅលើទឹកដីអាមេរិក និងបានហាមឃាត់ពលរដ្ឋអាមេរិក មិនឲ្យធ្វើជំនួញជាមួយក្រុមមនុស្ស និងក្រុមហ៊ុនចំនួន ១៣ ដែលជាប់ក្នុងបញ្ជីខ្មៅនោះឡើយ
គួរបញ្ជាក់ថា លោក Aissami ដែលបានក្លាយជាអនុប្រធានាធិបតីកាលពីដើមខែមករាកន្លងមកនេះនោះ ត្រូវបានគេចោទថា បានទទួលប្រាក់ពីស្ដេចគ្រឿងញៀន Walid Makled Garcia ជាថ្នូរនឹងការការពារការដឹកជញ្ជូន និងសម្របសម្រួលជាមួយស្ដេចគ្រឿងញៀនប្រទេសម៉ិកស៊ិក Los Zetas៕